នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ស្ថានភាព​សេដ្ឋកិច្ច និង​អចលនទ្រព្យ​នៅ​ឆ្នាំ២០២៤ កាល​ពី​ព្រឹក​ថ្ងៃ​ទី ១១ ខែ​មីនា ឆ្នាំ២០២៤ ឧកញ៉ា តែ តាំងប៉ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា វិស័យ​ធុរកិច្ច​ខ្នាត​តូច និង​មធ្យម​ដែល​ជា​ឆ្អឹង​ខ្នង​នៃ​សេដ្ឋកិច្ច​កម្ពុជា កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ក្នុង​នោះ​ជា​រួម​មាន បញ្ហា​ខ្វះ​ចំណេះដឹង​ផ្នែក​សហគ្រិនភាព និង​បទពិសោធន៍ ការ​រៀបចំ​អត្តចរិត​ជា​សហគ្រិន​មិន​បាន​ល្អ ខ្វះ​អ្នក​ជំនាញ​បច្ចេកទេស ខ្វះ​ដើមទុន ការ​ប្រើ​ដើមទុន និង​ហិរញ្ញវត្ថុ​មិន​បាន​ត្រឹមត្រូវ ថ្លៃ​ដើម​នៃ​ការ​ផលិត​ខ្ពស់ បរិយាកាស​មិន​សូវ​ជា​អំណោយផល ព្រមទាំង​បញ្ហា​រួមផ្សំ​ផ្សេងៗ​ទៀត​។

ឧកញ៉ា តែ តាំងប៉ ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា

ក្នុង​នេះ​ឧកញ៉ា តែ តាំងប៉ សង្កត់ធ្ងន់​លើ​បញ្ហា​ចំណេះដឹង បទពិសោធន៍ និង​អត្តចរិត​ជា​សហគ្រិន ដែល​វា​ជះ​ឥទ្ធិពល​ខ្លាំង​ដល់​មុខ​ជំនួញ​ទាំង​មូល​តែម្ដង​។ ឧកញ៉ា​ថា តាមរយៈ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជាលោក​បាន​បង្កើត​ឲ្យ​មាន​សិក្ខាសាលា​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​នានា​ដើម្បី​បំប៉ន​បន្ថែម​ដល់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច និង​មធ្យម នូវ​ចំណេះដឹង និង​ជំនាញ​គ្រប់គ្រង​អាជីវកម្ម​របស់​ខ្លួន ដោយ​មិន​គិត​ថ្លៃ​។ តាម​រយៈ​សិក្ខាសាលា​កន្លង​មក​លោក​សង្កេត​ឃើញ​ថា ម្ចាស់​អាជីវកម្ម​ភាគ​ច្រើន សុទ្ធតែ​ខ្វះ​ចំណេះដឹង​សហគ្រិនភាព និង​ការ​គ្រប់គ្រង​អាជីវកម្ម​។ ឧកញ៉ា តែ តាំងប៉​៖  « ការ​រៀបចំ​បំពេញ​បែបបទ​ដើម្បី​ទទួល​បាន​កម្ចី​ឥណទាន សម្រាប់​អាជីវកម្ម​របស់​ខ្លួន និង​ប្រើប្រាស់​ប្រើប្រាស់​ថវិកា ដែល​បាន​ពី​កម្ចី​ទាំង​នោះ មិន​មាន​ប្រសិទ្ធភាព និង​លទ្ធផល​ឡើយ ដែល​បញ្ហា​នេះ វា​នាំ​ឲ្យ​ពួក​គេ​ជំពាក់​បំណុល​វ័ណ្ឌ​-​ក​។ ហើយ​មីក្រូ​ហិរញ្ញវត្ថុ​ដែល​ផ្ដល់​កម្ចី​សម្រាប់​អាជីវកម្ម​មួយ​ចំនួន​ក៏​ពុំ​មាន​តម្លាភាព​ដែរ គ្មាន​តម្លាភាព​ព្រោះ​ថា មិន​ពិនិត្យ និង​តាមដាន​លើ​ការ​ប្រើប្រាស់​កម្ចី ខណៈ​ដែល​ម្ចាស់​អាជីវកម្ម​ខ្លះ​ខ្ចី​យក​ទៅ​បើក ឬ​ពង្រីក ឬ​ក៏​រក្សា​ដំណើរការ​អាជីវកម្ម តែ​បែរ​យក​ទៅ​ប្រើប្រាស់​ខុស​គោលដៅ​ទៅ​វិញ »​

ឧកញ៉ា តែ តាំងប៉ ជា​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធន់​តូច និង​មធ្យម​កម្ពុជា។

លោក​បណ្ឌិត គី សិរីវឌ្ឍន៍

ជា​មួយ​គ្នា​លោក​បណ្ឌិត គី សិរីវឌ្ឍន៍ ក្នុង​នាមជា​អ្នកជំនាញ​សេដ្ឋកិច្ច ក៏​បាន​លើក​ឡើង​ថា វិស័យ​ធុរកិច្ច​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា​នៅ​ក្មេង​ខ្ចី​នៅ​ឡើង គឺ​ឋិត​នៅ​ដំណាក់កាល​ចាប់​ផ្ដើម ដូច្នេះ​មាន​បញ្ហា​ជា​ច្រើន​កំពុង​ប្រឈម និង​ត្រូវ​ដោះស្រាយ​ជា​បន្តបន្ទាប់​។ លោក​បណ្ឌិត​យល់​ស្រប​តាម​ទស្សនៈ​របស់​ឧកញ៉ា តែ តាំងប៉​ដែរ ដែល​ថា មុន​ដំបូង​បង្អស់​គឺ​ធ្វើ​ម៉េច​ត្រូវ​រៀបចំ​អត្តចរិត​របស់​ម្ចាស់​អាជីវកម្ម​ខ្មែរ ឲ្យ​ស្របតាម​ការ​រកស៊ី​បែប​ធុរកិច្ច ដោយ​ចាប់​ផ្ដើម​ពី​ការ​រៀន​សូត្រ បំពាក់បំប៉ន និង​អនុវត្ត​តាម​ទម្រង់​ត្រឹមត្រូវ​ជា​ជំហានៗ ជៀសវាង​ហានិភ័យ​ដែល​អាច​កើតមាន​ឡើង​។ ទន្ទឹម​នឹង​នេះ​ដែរ លោក​ថា រដ្ឋាភិបាល ធនាគារ​ហិរញ្ញវត្ថុ វិនិយោគិន និង​វិស័យ​ពាក់ព័ន្ធ​ត្រូវ​បង្ក​បរិយាកាស​ល្អ​ដល់​អ្នក​ដែល​ចាប់​ផ្ដើម​ធ្វើ​អាជីវកម្ម និង​មាន​គម្រោង​ពង្រីក​អាជីវកម្ម ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​វិស័យ​ធុរកិច្ច​ខ្នាត​តូច និង​មធ្យម​រីក​ធំធាត់​ឡើង និង​បង្កើន​ផលិតផល​នៅ​ក្នុង​ស្រុក​ឲ្យ​បាន​ច្រើន​ប្រកប​ដោយ​គុណភាព និង​អាច​ប្រកួត​ប្រជែង​ជា​អន្តរជាតិ​បាន​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.