យោង​តាម​ការ​សម្រេច​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០២៤ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្អាក​ជា​បណ្ដោះអាសន្ន​សម្រាប់​រយៈ​ពេល​៦​ខែ នូវ​ការ​នាំ​ចូល​គ្រឿង​ក្នុង និង​បំណែក​សាច់​បង្កក ដោយ​វិធានការ​នេះ​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ​២០២៤​នេះ​ត​ទៅ​។

សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​បាន​បង្ហាញ​នូវ​ការ​សាទរ និង​ក្ដី​សង្ឃឹម ព្រមទាំង​ការ​ព្រួយ​បារម្ភ​ជា​មួយ​គ្នា​នឹង​វិធានការ​នេះ​ផង​ដែរ​។ សង្ឃឹម​នោះ គឺ​វិស័យ​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​នឹង​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​វិបត្តិ​កូវីដ​-​១៩ បាន​ថយ​ឥទ្ធិពល ហើយ​កសិករ​ដែល​បោះបង់​ការ​ចិញ្ចឹម អាច​នឹង​ត្រឡប់​មក​ចិញ្ចឹម​សត្វ​វិញ ខណៈ​តម្លៃ​សត្វ​ចិញ្ចឹម​ក៏​អាច​នឹង​កើន​ឡើង​រហូត​ដល់​ខ្ទង់​ចំណេញ​បាន​។

ចំណែក​ឯ​ការ​ព្រួយ​បារម្ភ​នោះ គឺ​សាច់​បង្កក​នៅ​តែ​បង្ក​ផល​ប៉ះពាល់​អវិជ្ជមាន​នៅ​ក្នុង​ទីផ្សារ​សាច់​សត្វ​ដដែល ព្រោះ​ថា សាច់​បង្កក​ដែល​នាំ​ចូល​មក​មុខ​ថ្ងៃ​អនុវត្ត​វិធានការ មាន​ចំនួន​ច្រើន ពោល​គឺ​អាច​មាន​វត្តមាន​ក្នុង​ទីផ្សារ​រហូត​ដល់​៦​ខែ​ផង​ក៏​ថា​បាន​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊្រុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា​។

​លោក ស៊្រុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ​កម្ពុជា

បើ​តាម​លោក ស៊្រុន ពៅ ទោះ​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​បង្ហាញ​សុទិដ្ឋិនិយម​លើ​វិស័យ​នេះ​ថា វា​នៅ​តែ​ល្អ​ប្រសើរ​ជាង​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ព្រោះ​រាជរដ្ឋាភិបាល​បាន​ងាក​មក​កែសម្រួល​បទដ្ឋាន​គតិយុត្តិ​មួយ​ចំនួន​ដែល​គាំទ្រ​ដល់​វិស័យ​ចិញ្ចឹម​សត្វ​។ ជាក់ស្ដែង​នៅ​ខែ​ធ្នូ​ចុង​ឆ្នាំ​២០២៣ រាជរដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ ៣៧០ ដោយ​បាន​ដាក់​បញ្ចូល​ផលិតផល​សាច់​គ្រឿង​ក្នុង​សត្វ និង​បំណែក​សាច់​បង្កក​ជា​ប្រភេទ​ទំនិញ​ជាប់​កម្រិត​កំណត់ និង​និរាករណ៍​ចោល​នូវ​អនុក្រឹត្យ​លេខ ១៧ ស្ដីពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាមឃាត់ និង​ទំនិញ​ជាប់​កម្រិត​កំណត់​។ សូម​បញ្ជាក់​ថា អនុក្រឹត្យ​លេខ ១៧ នេះ​បាន​បើក​ទូលាយ​ឲ្យ​នាំ​ចូល​សាច់​បង្កក ដោយ​មិន​មាន​ការ​កំណត់ ឬ​ត្រួតពិនិត្យ​តឹងរ៉ឹង​នៅ​ក្នុង​ប្រទេស​នោះ​ឡើយ ដើម្បី​បំពេញ​តម្រូវការ​នៅ​ក្នុង​ស្រុក​អំឡុង​ពេល​រីក​រាលដាល​ជំងឺ​កូវីដ-១៩​។

បន្ថែម​លើ​នេះ រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​វិធាន​ការ​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​បណ្ដោះអាសន្ន​ទៀត វា​ជា​ការណ៍​ល្អ​សម្រាប់​អ្នក​ចិញ្ចឹម​សត្វ​នៅ​កម្ពុជា​។

ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​សត្វ ក៏​បាន​បង្ហាញ​ពី​ទំនុក​ចិត្ត ការ​ជឿជាក់ និង​ពឹង​ផ្អែក​ទាំង​ស្រុង ចំពោះ​ក្រសួង​ស្ថាប័ន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងឡាយ​ក្នុង​ការ​អនុវត្ត​វិធានការ​ខាង​លើ​។ ជា​មួយ​គ្នា​នេះ​លោក​ស៊្រុន ពៅ បាន​ឲ្យ​ដឹង​ថា លោក​បាន​ធ្វើ​ទំនាក់ទំនង​យ៉ាង​ជាប់​លាប់​ជា​មួយ​អ្នក​សារព័ត៌មាន​ប្រចាំ​នៅ​តាម​ព្រំដែន និង​អំពាវនាវ​ទៅ​កាន់​សាធារណជន​ឲ្យ​ជួយ​តាមដាន​ទាំង​អស់​គ្នា ដើម្បី​ឱ្យ​ប្រាកដ​ថា​វិធានការ​ស្ដីពី​ការ​ហាមឃាត់​ការ​នាំ​ចូល​សាច់​បង្កក​នេះ ត្រូវ​បាន​អនុវត្ត​ដោយ​ប្រសិទ្ធភាព ឬ​ក៏​នៅ​តែ​មាន​ជន​ខិលខូច​គប់គិត​គ្នា​លួច​លាក់​នាំ​ចូល​សាច់​បង្កក​បំពាន​លើ​បម្រាម​ទៀត​។

ជុំវិញ​បញ្ហា​នេះ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម ដែល​ជា​តួអង្គ​សំខាន់​មួយ​ដែរ​នោះ នៅ​មិន​ទាន់​ឆ្លើយតប​នឹង​សំណួរ​នៅ​ឡើយ​ទេ ដែល​ថា តើ​ក្រសួង​ពាក់ព័ន្ធ​មាន​រៀបចំ​ជា​រចនាសម្ព័ន្ធ​ណា​មួយ ដើម្បី​ត្រួតពិនិត្យ បន្ថែម​លើ​ការ​អនុវត្ត​វិធានការ​នេះ​ដែរ ឬ​យ៉ាង​ណា ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ដោយ​ប្រសិទ្ធភាព​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.