បុរសញៀនថ្នាំម្នាក់ នៅសុខៗស្រាប់តែដុតស្មៅ ឆេះព្រៃ ផ្អើលឡានទឹកចេញទៅបាញ់ ពន្លត់ភ្លើង កាលពីវេលាម៉ោង២និង៥៥នាទីរសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នៅដីទំនេរ ទុកចោលមួយកន្លែង មានរបងព័ទ្ធជុំវិញ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បុរសញៀនថ្នាំរូបនេះ មានឈ្មោះ ប៊ិន សុជាតិ ភេទប្រុស អាយុ២៤ឆ្នាំ កន្លែងស្នាក់នៅ មិនពិត ប្រាកដតែច្រើនទៅដេកសំងំក្នុងព្រៃកន្លែងកើតហេតុ មានស្រុកកំណើតនៅឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ។

អាជ្ញាធរបានឲ្យដឹងថា ដីវាលចំណុចខាងលើពេញដោយព្រៃ មានតែក្រុមក្មេងញៀនថ្នាំ ជនអនាថា ទេដែលលួចចូលទៅសំងំដេកទីនោះ ។

បើតាមសមត្ថកិច្ច កន្លងមកភ្លើងឆេះព្រៃ ក៏ដោយសារក្រុមអ្នករើសអេតចាយក្រុមអ្នក ញៀនថ្នាំលួចដុត ។ជាក់ស្តែងនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ជនញៀនថ្នាំ ខាងលើដុតស្មៅ ទើបឆេះរាលព្រៃ ផ្អើលសមត្ថកិច្ច ឡានទឹកចំនួន៣គ្រឿងចេញទៅបាញ់ ទឹកពន្លត់ភ្លើងជៀសវាងខ្លាចឆេះរាលដល់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋ ។

ចំណែកឯជនញៀនថ្នាំរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់នាំយកទៅប៉ុស្តិ៍ ដើម្បីរងចាំប្រគល់ ឲ្យទៅមន្ទីរសង្គមកិច្ច ៕

Share.