សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៣ ខែមីនានេះ បានអំពាវនាវដល់អ្នកប្រើប្រាស់ផលិតផល ដូចជាឡេ ថ្នាំសម្រកគីឡូជាដើម សូមប្រើប្រាស់ផលិតផលដោយប្រុងប្រយ័ត្ន និងស្រឡាញ់អ្វីដែលធម្មជាតិបានផ្តល់ឱ្យ ដើម្បីជៀសវាងការជួបគ្រោះថ្នាក់ផ្សេងៗ និងសូមយកចិត្តទុកដាក់ទៅលើការថែទាំសុខភាពឱ្យបានល្អទាំងអស់គ្នា។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យ «តេជោសែនកោះធំ» តម្លៃជាង១០លានដុល្លារ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

ជាមួយគ្នានេះ សម្តេចប្រមុខរាជរដ្ឋាភិបាលបានអំពាវនាវដល់អ្នកលក់ផលិតផលធ្វើឱ្យស្បែកសទាំងឡាយសូមគិតគូរដល់សុខភាពអ្នកប្រើប្រាស់ កុំដើម្បីតែភាពជោជ័យរបស់ខ្លួនបំផ្លាញអ្នកប្រើប្រាស់ ពោលគឺបើមិនបានធ្វើបុណ្យទេកុំយកបាបឱ្យអ្នកប្រើប្រាស់។

ជាការកត់សម្គាល់ការថ្លែងរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលនេះ ធ្វើឡើងបន្ទាប់ពីមានការផ្សព្វផ្សាយលក់ផលិតផលឡេធ្វើ ឲ្យស្បែកសយ៉ាងផុលផុសនៅតាមបណ្តាញសង្គមដែលផលិតផលទាំងអស់នោះមានទាំងផលិតផលដែលទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាលនិងផលិតផលដែលពុំបានចុះបញ្ជិកាក៏ដូចជាគ្មានច្បាប់អនុញ្ញាត៕

Share.