ឯកសារ​ចាំ​បាន តែ​ជីវិត​មនុស្ស​មិន​អាច​ចាំ​បាន​ទេ ដូច្នេះ​សេវា​សុខាភិបាល ប្រកប​ដោយ​គុណភាព​ត្រូវ​តែ​នៅ​កៀក​នឹង​ប្រជាពលរដ្ឋ​បំផុត​។ នេះ​ជា​ប្រសាសន៍​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ាណែត​។

ដើម្បី​ជំរុញ​សេវា​សុខភាព​ឲ្យ​គ្រប​ដណ្ដប់​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​បាន ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ បាន​ដាក់​ចេញ គឺ​ចាំ​បាច់​ណាស់​ត្រូវ​ធ្វើ​វិមជ្ឈការ​លើ​វិស័យ​សុខាភិបាល​។ ជា​មួយ​គ្នា​នេះ​មាន​ចំណុច​អាទិភាព​បី​ដែល​ត្រូវ​ពង្រឹង​គឺ ទី១ ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​មន្ទីរពេទ្យ​នៅ​តាម​មូលដ្ឋាន រាប់​តាំង​ពី​សម្ភារៈ​បរិក្ខារ និង​អគារ​ពេទ្យ ទី២ សមត្ថភាព​គ្រូពេទ្យ​គ្រប់​ថ្នាក់ ជា​ពិសេស​ថ្នាក់​ខេត្ត និង​ទី​៣ បង្កើន​ភាព​ជា​ដៃគូរ​ជា​មួយ​ពេទ្យ​ឯកជន​។ នេះ​ជា​ប្រសាសន៍​របស់​សម្ដេច​មហា​បវរ​ធិបតី​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មន្ទីរពេទ្យ​តេជោ​សែន​កោះធំ នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែ​មីនា ឆ្នាំ ២០២៤ ។

សូម​លើក​ឡើង​ជា​ព័ត៌មាន​បន្ថែម​ថា មន្ទីរពេទ្យ​តេជោ​សែន​កោះធំ ជា​មន្ទីរពេទ្យ​បង្អែក​ថ្នាក់​ស្រុក ដែល​មាន​ទំហំ​ធំ​ដំបូង​គេ ដោយ​មាន​សមត្ថភាព​ផ្ដល់​នូវ​ពហុ​សេវា​រាប់​ចាប់​តាំង​ពី​ការ​ពិគ្រោះ​យោបល់ រហូត​ដល់ ការ​វះកាត់ និង​លាង​ឈាម និង​មាន​គ្រែ​សម្រាប់​អ្នក​ជំងឺ​សម្រាក​ចំនួន ១៧៩ គ្រែ បែងចែក​ទៅ​តាម​ប្រភេទ​ជំងឺ​នីមួយៗ​។

នេះ​ជា​សក្ខីភាព​មួយ​នៃ​កំណែទម្រង់​វិស័យ​សុខាភិបាល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដើម្បី​ធ្វើ​យ៉ាង​ជំរុញ​សេវា​សុខាភិបាល​ឲ្យ​ទៅ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ប្រទេស​។

ជុំ​វិញ​ការ​ធ្វើ​វិមជ្ឈការ​ក្នុង​វិស័យ​សុខាភិបាល​នេះ អ្នក​ឃ្លាំ​មើល​សង្គម និង អ្នក​ជំនាញ​សុខភាព​សាធារណៈ ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ស្រដៀង​គ្នា​ផង​ដែរ​។

លោក យ៉ង់ គឹមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លើក​ឡើង​ថា វិមជ្ឈការ​ក្នុង​វិស័យ​សុខាភិបាល​នេះ​គឺ​ជា​ការណ៍​ល្អ និង​ផ្ដល់​នូវ​ផល​វិជ្ជមាន​ជា​ច្រើន​ដល់​វិស័យ​សុខាភិបាល ដែល​វា​ជួយ​ជំរុញ​សេវា​សុខភាព​ឲ្យ​ដល់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន ជា​ពិសេស​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ បាន​កាន់​តែ​ប្រសើរ​ឡើង​។ លោក​ថា « បញ្ហា​សមត្ថភាព​របស់​មន្ត្រី​សុខាភិបាល និង​គ្រូពេទ្យ​នៅ​តាម​មូលដ្ឋាន មិនមែន​ជា​បញ្ហា​ប្រឈម​ក្នុង​វិមជ្ឈការ​ទេ អ្វី​ដែល​ប្រឈម និង​ត្រូវ​កែ​សម្រួល​ឲ្យ​បាន​លឿន​នោះ គឺ ក្រមសីលធម៌ វិន័យ និង​អាកប្បកិរិយា​របស់​មន្ត្រី​សុខាភិបាល និង​គ្រូពេទ្យ ធ្វើ​យ៉ាងណា​ឲ្យ​ស័ក្ដិសម​ជា​អ្នក​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ » ។ លោក​បន្ថែម​ថា កាលណា​រាជរដ្ឋាភិបាល​ធ្វើ​វិមជ្ឈការ​ទៅ​ឲ្យ​ថ្នាក់​ក្រោម គួរ​តែ​ប្រគល់​ទាំង​តួនាទី​ភារកិច្ច ហិរញ្ញវត្ថុ សម្ភារៈ​បរិក្ខារ និង​ធនធាន​មនុស្ស​ឲ្យ​ទៅ​ពួក​គាត់ ជា​មួយ​នឹង​ការ​បង្កើត​ប្រព័ន្ធ​គ្រប់គ្រង​ច្បាស់លាស់ ធានា​បាន​នូវ​តម្លាភាព និង​មិន​មាន​ពុក​រលួយ ហើយ​មិន​គួរ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ទាំង​នោះ​ឡើយ ជៀសវាង​បង្ក​ការ​រំខាន​ដល់​ដំណើរការ​វិមជ្ឈការ​។ ក្រសួង​ស្ថាប័ន​ថ្នាក់​កណ្ដាល គួរ​តែ​ជា​អ្នក​ឃ្លាំ​មើល​ពី​ដំណើរការ​នៃ​ស្ថាប័ន​ថ្នាក់​ក្រោម និង​តាម​មន្ទីរពេទ្យ ដោយ​ជួយ​ចង្អុល​បង្ហាញ​នូវ​បញ្ហា និង​ដំណោះស្រាយ បំពេញ​បន្ថែម​ចំណុច​ខ្វះខាត គាំទ្រ​ផ្នែក​ណា​មួយ​ទៅ​តាម​តម្រូវការ​។

ចំណែក​លោក​បណ្ឌិត អ៊ី លីម៉ា អ្នក​ជំនាញ​សុខភាព​សាធារណៈ យល់​ឃើញ​ថា «​ការ​ធ្វើ​វិមជ្ឈការ​ក្នុង​វិស័យ​សុខាភិបាល គឺ​មិន​គួរ​បង្អង់​ចាំ​យូរ​ទៀត​ទេ ដើម្បី​ជំរុញ​សេវា​សុខភាព​ឲ្យ​កាន់​តែ​ខិត​ចូល​ទៅ​កៀក​ប្រជាពលរដ្ឋ និង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​បាន​ឆាប់​រហ័ស ប្រកប​ដោយ​គុណភាព » ។ ទន្ទឹម​នេះ លោក​ក៏​បង្ហាញ​ក្ដី​បារម្ភ​លើ​ប្រការ​មួយ​ចំនួន​ផង​ដែរ​។ ទី​មួយ​លោក​បណ្ឌិត អ៊ី លីម៉ា បារម្ភ​លើ​ការ​ធ្វើការ​ជា​មួយ​គ្នា​រវាង​រដ្ឋបាល​ខេត្ត និង​ថ្នាក់​មូលដ្ឋាន​មាន​រដ្ឋបាល​ស្រុក ខណ្ឌ ឬ​ឃុំ​សង្កាត់​មិន​ស៊ី​ចង្វាក់​គ្នា​។ ទី​ពីរ​គឺ សមត្ថភាព​គ្រប់គ្រង​ជា​ប្រព័ន្ធ​របស់​ប្រធាន​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព នៅ​មាន​កម្រិត​។ ទីបី គឺ​បុគ្គលិក និង​មន្ត្រី​រដ្ឋបាល​ខេត្ត​នៅ​មិន​ទាន់​យល់​ពី​គោលនយោបាយ​សុខាភិបាល​ច្បាស់លាស់ ដើម្បី​គ្រប់គ្រង​ផ្នែក​សុខាភិបាល ធ្វើ​ការ​ស្រាវជ្រាវ និង​សម្រេច​ចិត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ដោយ​ខ្លួនឯង​នៅ​ឡើយ​។

សម្ដេច​មហា​បវរ​ធិបតី​មាន​ប្រសាសន៍​ថា វិមជ្ឈការ​សុខាភិបាល ត្រូវ​ធ្វើ​ឡើង​ជា​ជំហានៗ តាម​ដំណាក់កាល ស្រប​ទៅ​តាម​ហេដ្ឋារចនាសម្ព័ន្ធ និង​ធនធានមនុស្ស​។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ ទន្ទឹម​នឹង​ដំណើរការ​នៃ​វិមជ្ឈការ រាជរដ្ឋាភិបាល​កំពុង​ពង្រឹង​វិស័យ​មួយ​នេះ​ឲ្យ​រឹងមាំ តាម​រយៈ​ពង្រឹង​សេវា​សុខភាព​នៅ​តាម​មូលដ្ឋាន ដោយ​ផ្ដល់​នូវ​សម្ភារៈ​បរិក្ខារ ថ្នាំសង្កូវ​ដែល​មាន​គុណភាព និង​ចាំបាច់​ដូច​ជា​ថ្នាំ​លើសឈាម ទឹក​នោម​ផ្អែម​ជា​ដើម និង​ពង្រឹង​សមត្ថភាព​គ្រូពេទ្យ​។ ពោល​គឺ​រាជរដ្ឋាភិបាល​ចាត់​ទុក​ការ​ពង្រឹង​សេវា​សុខាភិបាល​នៅ​តាម​មូលដ្ឋាន​ជា​ចម្បង បន្ទាប់​មក​គឺ​ការ​ពង្រីក​វិសាលភាព​នៃ​វិមជ្ឈការ​តាម​ក្រោយ​ជា​ដំណាក់​កាលៗ​។

សូម​រំឭក​ថា វិស័យ​សុខាភិបាល​ធ្លាប់​រង​ការ​រិះគន់​យ៉ាង​ដំណំ ទាំង​ការ​រិះគន់​ចំៗ និង​ដោយ​បញ្ឆិតបញ្ឆៀង​។ ហើយ​ក៏​ធ្លាប់​ទទួល​បាន​ការ​កោតសរសើរ​យ៉ាង​ធំធេង​ផង​ដែរ លើ​គុណសម្បត្តិ​នៃ​ការ​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​-​១៩ និង​បាន​ជួយ​ស្រោចស្រង់​អាយុជីវិត​ប្រជាជន​កម្ពុជា​រាប់​លាន​នាក់​។ នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​កន្លង​ទៅ ក៏​មាន​ដាក់​បញ្ចូល​វិស័យ​សុខាភិបាល​ជា​ជ្រុង​មួយ​ដែរ ប៉ុន្តែ​មើល​ជា​រួម​ទៅ វា​ហាក់​ដូចជា​ដើរ​យឺត​ជាង​គេ​។ មក​ដល់​ជំនាន់​រាជរដ្ឋាភិបាល​ថ្មី នីតិកាល​ទី​៧ វិស័យ​នេះ​ត្រូវ​បាន​ច្រាន​ឲ្យ​មក​ឈរ​បង្ហាញ​មុខ​នៅ​ខាង​មុខ​ជួ ដើម្បី​កែ​សម្រួល និង​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត​។ ជាក់​ស្ដែង​កម្មវិធី​នយោបាយ​​៦​ចំណុច​របស់​រាជរដ្ឋាភិបាល បាន​ដាក់ ការ​ពង្រីក​សេវា​សុខភាព​ឲ្យ​បាន​ដល់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា ឋិត​នៅ​ចំណុច​ទី​មួយ​តែ​ម្ដង​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.