កណ្តាល៖ កម្លាំងសមត្ថកិច្ច ស្រុកកៀនស្វាយ បានឃាត់ខ្លួនជនជាតិម្នាក់ បន្ទាប់ពីចូលទៅខ្ចីទូរស័ព្ទគេតេមិនបាន ទាញដំបងវាយម្ចាស់ និងរថយន្តបែកកញ្ជក់ខ្ទេច កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧:២៩នាទី ចំណុចកើតហេតុ ស្ថិតនៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនសង្ស័យ០១នាក់ ឈ្មោះ អា ហ្វី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន មានស្រុកកំណើតប្រទេសចិន មានទីលំនៅមិនច្បាស់លាស់ ធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេល១០ឆ្នាំមកហើយ។ ចំណែកជនរងគ្រោះ ឈ្មោះ លន់ វិរះ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ខូចខាតបែកកញ្ចក់ខាងមុខរបស់រថយន្ត ម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BG-5135។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើកឡានដឹកប្រពន្ធរបស់ខ្លួនមកមន្ទីរពេទ្យឯកជន នៅភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ដើម្បីដាក់សេរ៉ូម ពេលកំពុងដាក់សេរ៉ូម ជនរងគ្រោះបានដើរមកយកទូរស័ព្ទនៅក្នុងរថយន្ត ក៏ស្រាប់តែឃើញជនសង្ស័យបានដើរឆ្លងថ្នល់មកចាប់ទាញទ្វារថយន្តរបស់ជនរងគ្រោះ ពេលនោះជនរងគ្រោះបានចេញពីក្នុងរថយន្តមកក្រៅ ភ្លាមនោះជនសង្ស័យបានយកដំបងឈើដើមប្រេងខ្យល់ទំហំ៦មីលីម៉ែត្រ ប្រវែង១,១៨ម៉ែត្រ វាយទៅលើជនរងគ្រោះ ត្រូវចំកំភួនដៃឆ្វេង នឹងត្រូវចំខ្នងដៃឆ្វេង បណ្តាលឱ្យរបួស បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យបានរត់ចូលទៅក្នុងរថយន្តរបស់ជនរងគ្រោះ រួចបិទទ្វារថយន្ត។

ឃើញដូចនេះ ជនរងគ្រោះបានរត់ទៅបើកទ្វារថយន្តរបស់ខ្លួន ហើយក៏ប្រតាយប្រតប់ជាមួយជនសង្ស័យបណ្តាលឱ្យបែកកញ្ចក់រថយន្តខាងមុខរបស់ជនរងគ្រោះ ពេលឃើញសកម្មភាពដូចនេះ ក៏មានប្រជាពលរដ្ឋមកជួយចាប់ជនស្ស័យ រួចក៏ទូរស័ព្ទប្រាប់ទៅនគរបាលប៉ុស្តិ៍ដីឥដ្ឋ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្តិ៍ដីឥដ្ឋ បានចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ច និងអ្នកបកប្រែជាភាសារចិន ជនសង្ស័យបានសារភាព ជាភាសារចិនថា ខ្លួនបានចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនភូមា ហើយបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល០៥ឆ្នាំហើយ ហើយបានដើររស់នៅគ្រប់ទីកន្លែង ដូចជារស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ ហើយមិនមានទីកន្លែងស្នាក់នៅច្បាស់លាស់ទេ និងដើរធ្វើការងារគ្រប់ទីកន្លែង រហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៧:២៩នាទី ខ្លួនបានដើរតាមផ្លូវ ក៏ឃើញមានរថយន្ត០១គ្រឿង ចតទុកចោលនៅក្បែរផ្លូវ ខ្លួនក៏បានដើរទៅក្នុងគោលបំណងខ្ចីទូរស័ព្ទរបស់ជនរងគ្រោះ ដើម្បីទូរស័ព្ទទៅរកមិត្តភក្តិរបស់ខ្លួន តែជនរងគ្រោះមិនឱ្យទូរស័ព្ទខ្ចី ទើបខ្លួនយកដំបងឈើទៅវាយជនរងគ្រោះ និងប្រតាយប្រតប់គ្នាជាមួយជនរងគ្រោះក្នុងរថយន្ត រហូតបែកកញ្ចក់ខាងមុខរថយន្ត ហើយខ្លួនធ្លាប់ប្រើប្រាស់គ្រឿងញៀនអស់រយៈពេល១០ឆ្នាំមកហើយ តាំងពីនៅប្រទេសចិន រហូតមកដល់ប្រទេសកម្ពុជា ក្រៅពីនេះខ្លួនមិនដឹងអ្វីទៀតទេ ។

បច្ចុប្បន្ន ជនសង្ស័យរួច ត្រូវបានកម្លាំងជំនាញបានសុំគោលការណ៍មេ ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង បណ្តោះអាសន្ន នៅអធិការនគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

Share.