សិល្បៈជាតិ៖ ថ្មីៗនេះ តារាសម្ដែង សាវិន ហ្វីលីព បានចេញមកប្រកាសនៅលើបណ្ដាញសង្គមហ្វេសប៊៊ុកជាសាធារណៈឱ្យមហាជនបានដឹងថា លោកបានក្លាយជាជនរងគ្រោះក្រោយបានទិញដីនៅក្នុងគម្រោងទី ៣០ របស់លោកស្រី ម៉ន ដានី នៅខេត្តកំពតប្រមាណជាង ១០ ឡូតិ៍ដែលឥឡូវនេះត្រូវបាននិយ័តករអាជីវកម្មអចលនទ្រព្យវត្ថុនិងបញ្ចាំ ប្រកាសថាជាគម្រោងដែលលក់គ្មានច្បាប់ទទួលស្គាល់ត្រឹមត្រូវ។

តារាសម្ដែងប្រុសរូបនេះ រួមទាំងជនរងគ្រោះរាប់រយគ្រួសារទៀត បានធ្វើការប្ដឹងតវ៉ាទៅដល់ក្រសួងដែនដី និងនគររូបនីយកម្ម  និងទទូចឱ្យម្ចាស់គម្រោងគឺលោកស្រី ម៉ន ដានី ចូលខ្លួនមកដោះស្រាយបញ្ហានេះជាបន្ទាន់ ព្រោះ​ដីឡូតិ៍​ដែល​តារាសម្ដែងរូបនេះទិញទាំងអស់ជាង ១០ ឡូតិ៍នោះបានបង់លុយដាច់អស់រាប់ម៉ឺនដុល្លាររួចរាល់ហើយ បារម្ភខ្លាចថា អស់ទាំងលុយ អស់ទាំងដីទៅទទេៗ។

ជាមួយគ្នានេះ តារាសម្ដែង សាវិន ហ្វីលីព  បានរៀបរាប់ជាសំណេរ ភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកយ៉ាងដូច្នោះ៖ «នៅទីបំផុតនិយ័តករអាជីវកម្មអចលនទ្រព្យនិងបញ្ចាំ ទើបចេញលិខិតជូនដំណឹងថា គម្រោងដីទ្បូតិទី៣០ ម៉ន ដានី នៅខេត្តកំពត គឺបានពុះទ្បូតិលក់ដោយគ្មានច្បាប់ក្រោយ LIVE លក់ផ្អើលប្រទេសកន្លងមក។ ខ្ញុំបានក្លាយជាជនរងគ្រោះម្នាក់ដែលបានទិញដីនេះជាង១០ទ្បូតិ(បង់លុយផ្ដាច់) ក្នុងចំណោមជនរងគ្រោះរាប់រយនាក់កំពុងធ្វេីការតវ៉ាទៅក្រសួងដែនដីខណៈពេលនេះលោកស្រី ម៉ន ដានី ដែលជាមនុស្សដែលខ្ញុំគោរពរាប់អានក៍មិនដឹងនៅទីណាដែរ? ប្រភពមួយបញ្ជាក់ថា លោកស្រី ម៉ន ដានី ក៏នៅមិនទាន់ឱ្យលុយម្ចាស់ដីនេះនៅទ្បើយទេ..ខ្ញុំសង្ឃឹមថាប្អូនស្រី ម៉ន ដានី នឹងចេញមុខមកដោះស្រាយលើបញ្ហានេះជូនអតិថិជនមិនខាន»។

យ៉ាងណាមិញអ្នកដែលបានឃើញបញ្ហាដែលតារាសម្ដែងរូបនេះលើកឡើងមានជាចម្ងល់ស្រដៀងៗគ្នាដែរថា ហេតុអ្វី បានជាដីឡូតិ៍ ដែលស្ថាប័នជំនាញលើកឡើងថាគ្មានច្បាប់ត្រឹមត្រូវ បែរជាអាចបង្ហោះផ្សព្វផ្សាយ Live លក់យ៉ាងគគ្រឹកគគ្រេង ដោយគ្មានសមត្ថកិច្ចជំនាញណាមកត្រួតពិនិត្យដូច្នេះទៅវិញ?

Share.