បាត់ដំបង÷ មុខសញ្ញាលួចគោដែលសកម្មចំនួន ៣នាក់ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន នឹងបញ្ជូនទៅតុលាការ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤នេះ ក្រោយបានធ្វើសកម្មភាពលួចសត្វគោរបស់អ្នកស្រុកច្រើនលើកច្រើនសារនៅតាមបណ្តាស្រុកនានា ក្នុងខេត្តបាត់ដំបង។

តាមនគរបាលជំនាញបានបញ្ជាក់ឱ្យដឹងថា ដំបូងឡើយកម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ មានឈ្មោះវណ្ណី ឌីណា ភេទប្រុស អាយុ ២៤ឆ្នាំ ទីលំនៅក្នុងភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង, ឈ្មោះភាព វិចិត្រ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង។ ក្រោយការសួរកម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះបឿន ប៉ុន ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤កន្លងមកនេះ។ ខណៈពួកគេបានធ្វើសកម្មភាព កៀងគោអ្នកស្រុកទៅកន្លែងស្ងាត់ រួចដេញឡើងឡានតែម្តង។

ករណីនេះដែរកម្លាំងបង្ក្រាបដកហូតវត្ថុតាងមួយចំនួនរួមមាន: រថយន្តមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូនពេលលួច មានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ៣A- ៣៦៦០, ម្សៅក្រាមពណ៌សថ្លាមួយកូនថង់សង្ស័យជាសារធាតុញៀន, សម្ភារ:ប្រើប្រាស់ថ្នាំញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន ២គ្រឿង ជាមួយវត្ថុតាងសត្វគោចំនួន ០៧ក្បាលផងដែរ។

ជនសង័្សយបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចគោរបស់ជនរងគ្រោះប្រជាពលរដ្ឋជាច្រើនលើកពិតប្រាកដមែន ដែលពួកគេធ្លាប់បានលួចនៅតាមបណ្តាស្រុកផ្សេងៗក្នុងភូមិសាស្រ្តខេត្តបាត់ដំបង ៕

អត្ថបទ៖ ដំបងក្រញូង

Share.