ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​ខេត្ត​សៀមរាប​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្លឹប​អ្នក​កាសែត​កម្ពុជា ក្នុង​គោលដៅ​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ទ្រង់ទ្រាយ​ធំ​ស្ដីពី​សក្ដានុពល​ទេសចរណ៍​ខេត្ត​សៀមរាប​។ បេសកកម្ម​នេះ មាន​ការ​ចូលរួម​ពី​ស្ថាប័ន​សារព័ត៌មាន​ជាតិ និង​បរទេស​ចំនួន ៣២ ស្ថាប័ន និង​មាន​អ្នកសារព័ត៌មាន ចំនួន ៤២ នាក់ រួមមាន​ទាំង​ទូរទស្សន៍ និង​អនឡៃញ៍​។

ដំណើរ​ទស្សនកិច្ច​នេះ មាន​រយៈពេល​៣​ថ្ងៃ ២​យប់ គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ១៥ ដល់​ថ្ងៃ​ទី ២៧ ខែ​មីនា ឆ្នាំ ២០២៤ ដោយ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ និង​សម្របសម្រួល​ចូល​ទស្សនា យក​ព័ត៌មាន និង​ផ្ដិត​រូបភាព​ក្នុង​រមណីយដ្ឋាន​ដ៏​មាន​សក្ដានុពល​ដោយ ក្រុមហ៊ុន Angkor Wild Lif & Aquarium ក្រុមហ៊ុន Angkor Eyes (កន្ត្រក​វិល) អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប សហគមន៍​ភូមិ​ព្រះដាក់ ក្រុម​រថយន្ត Jeep កម្ពុជា សហគមន៍​អេកូ​ទេសចរណ៍​កំពុង​ភ្លុក បុណ្យ​ទន្លេ និង​សន្និសីទ​សារព័ត៌មាន ដែល​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៅ​មុខ​ប្រាសាទ​អង្គរវត្ត​។

តាម​រយៈ​ដំណើរ​ទស្សនកិច្ច​នេះ បណ្ដា​ក្រុមហ៊ុន​ខាង​លើ​បាន​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ស្រដៀង​ៗ​គ្នា​ថា រយៈ​ពេល​ជិត​២​ឆ្នាំ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ប្រកាស​បើក​វិស័យ​ទេសចរណ៍​ឡើង​វិញ​ក្រោយ​ពី​ការ​ញាំញី​ដោយ​វិបត្តិ​កូវីដ​-​១៩ កំណើន​ភ្ញៀវ​ទេសចរណ៍​ខេត្ត​សៀមរាប​ហាក់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ ពោល​គឺ​ក្រោម​៥០​ភាគរយ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៩​។

ទោះបី​ជា​យ៉ាង​នេះ​ក្ដី ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៅ​តែ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​កំណើន​ភ្ញៀវ​ទេសចរណ៍​ក្នុង​ចាំ​២០២៤ នេះ​ថា អាច​នឹង​កើន​ឡើង​រហូត​ដល់​ស្មើ ឬ​ទាប​ជាង​ឆ្នាំ ២០១៩ តិចតួច​ប៉ុណ្ណោះ​។

ក្នុង​នាម​ជា​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ពុយ គា លើក​ឡើង​ថា តាម​រយៈ​បេសកកម្ម​រយៈពេល ៣​ថ្ងៃ​នេះ អ្នក​សារព័ត៌មាន​នឹង​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​បាន​កាន់​តែ​ទូលំទូលាយ អំពី​សក្ដានុពល​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​សៀមរាប ឲ្យ​មើល​ឃើញ​ថា ក្រៅ​តែ​ពី​ប្រាសាទ​អង្គរ ខេត្ត​គោលដៅ​ទេសចរណ៍​មួយ​នេះ នៅ​មាន​កន្លែង​ទស្សនា​ជា​ច្រើន និង​ប្លែកៗ​ពី​គ្នា​។ ជា​មួយ​គ្នា​នេះ ក្លឹប​អ្នកកាសែត​កម្ពុជា ក៏​នឹង​បន្ត​បេសកកម្ម​នេះ​ទៅ​កាន់​ខេត្ត​គោលដៅ​ទេសចរណ៍​ផ្សេងៗ​ទៀត​ជា​បន្តបន្ទាប់​។

ដើម្បី​លម្អិត​ពី​ដំណើរ​ទស្សនកិច្ច​របស់​អ្នក​សារព័ត៌មាន ដែល​ដឹកនាំ​ដោយ​ក្លឹប​អ្នកកាសែត​កម្ពុជា​ទៅ​កាន់​ទីតាំង​ទេសចរណ៍​នីមួយៗ ក្នុង​ខេត្ត​សៀមរាប សារព័ត៌មាន​ត្រយង​នឹង​បង្ហាញ​នៅ​មាតិកា​បន្ទាប់​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.