វ៉ាស៊ីនតោន៖ សេតវិមានបាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែមីនា នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងរៀបចំកិច្ចប្រជុំកំពូលមួយជាលើកដំបូងជាមួយមេដឹកនាំហ្វីលីពីន និងជប៉ុន ខណៈសហរដ្ឋអាមេរិកកំពុងស្វែងរកការពង្រឹងសម្ព័ន្ធភាពប្រឆាំងនឹងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤។

ជំនួបរបស់លោក Biden ជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida នៅសេតវិមាន នៅថ្ងៃទី១១ ខែមេសា ខាងមុខនេះ គឺជាជំនួបចុងក្រោយបង្អស់ក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយសម្ព័ន្ធមិត្តអាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាពីទំនាក់ទំនងសេដ្ឋកិច្ច និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បើតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា «មេដឹកនាំទាំង ៣ប្រទេស នឹងពិភាក្សាគ្នាលើកិច្ចសហប្រតិបត្តិការត្រីភាគី ដែលបង្កើតឡើងនៅលើទំនាក់ទំនងជាប្រវត្តិសាស្ត្រដ៏ស៊ីជម្រៅនៃមិត្តភាព» រួមទាំង «ចក្ខុវិស័យផ្សេងៗ ចែករំលែកសម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ»។

សហរដ្ឋអាមេរិកបានអំពាវនាវម្តងហើយម្តងទៀត ឱ្យមានតំបន់អាស៊ីប៉ាស៊ីហ្វិក «សេរី» នៅពេលដែលប្រទេសចិន អះអាងពីអំណាចដែលកំពុងកើនឡើងរបស់ខ្លួន ជាពិសេសលើការទាមទាររបស់ខ្លួនចំពោះអធិបតេយ្យភាពស្ទើរតែទាំងអស់នៃតំបន់សមុទ្រចិនខាងត្បូង។

គួររំលឹកថា ភាព​តានតឹង​កាន់តែខ្លាំងនៅតំបន់ដែនទឹកមានជម្លោះ ​ជា​ពិសេស​រវាង​ហ្វីលីពីន និងចិន ខណៈ​នាវា​មក​ពី​ប្រទេស​ទាំង២ បាន​ប៉ះ​ទង្គិច​គ្នា​នៅ​ជិត​តំបន់​ថ្មប៉ប្រះ​ទឹក Second Thomas Soul ​ដែល​កំពុងមាន​ជម្លោះ។

ប្រទេសជប៉ុន និងហ្វីលីពីនបាននិយាយកាលពីខែវិច្ឆិកា ថា ពួកគេនឹងចាប់ផ្តើមការចរចារសន្ធិសញ្ញាការពារជាតិមួយរួមគ្នាក្នុងគោលបំណងបម្រើផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ដែលអនុញ្ញាតឱ្យពួកគេដាក់ពង្រាយកងទ័ពនៅលើទឹកដីរបស់គ្នាទៅវិញទៅមក។

លោក Marcos និងលោក Kishida បានប្រកាសពីការចាប់ផ្តើមនៃដំណើរការនេះ បន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងម៉ានីល ខណៈពួកគេស្វែងរកការទប់ទល់នឹងសម្ពាធយោធាដែលកំពុងកើនឡើងរបស់ប្រទេសចិន។

សូមជម្រាបថា ការប្រកាសពីកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិកជាមួយជប៉ុន និងហ្វីលីពីន កើតមានឡើងចំពេលលោក ចូ បៃដិន កំពុងផ្ដោតជាអាទិភាពលើការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងតំបន់អាស៊ី ដើម្បីធ្វើការជាមួយគ្នាទប់ទល់នឹងចិន រួមទាំងកូរ៉េខាងជើងផងដែរ៕

ប្រភព៖ Reuters

Share.