សិល្បៈជាតិ៖ លោក ម៉ែន សីហា ដែលគ្រប់គ្នាស្គាល់ឈ្មោះលោកថា អូលីវ៉ា គង់ ក្នុងនាមជាអ្នកជំនាញច្នៃម៉ូដ និងជាគ្រូបង្ហាត់បង្រៀនដើរម៉ូដល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។ លោកមានស្នាដៃច្នៃម៉ូដជាច្រើនដែលធ្លាប់បានបង្អួតនៅលើឆាកជាតិ និងអន្តរជាតិ។ ប៉ុន្តែមុនទទួលបានភាពជោគជ័យយ៉ាងត្រចះត្រចង់ដូចសព្វថ្ងៃនេះ លោក អូលីវ៉ា គង់ សារភាពថា ខ្លួនបានតស៊ូ ៨ ឆ្នាំមកហើយ ទើបមានអ្នកជំនាញជាតិ និងអន្តរជាតិទទួលស្គាល់ស្នាដៃរហូតបានមេដាយមាស។

នាព្រឹកថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៤ នេះ លោក ម៉ែន សីហា ឬ អូលីវ៉ា គង់ និងក្រុមគ្រួសារទើបតែកាត់ខ្សែបូក្រហមសម្ពោធហាងលក់សំលៀកបំពាក់ Kalkin ដែលជាប្រេនសម្លៀកបំពាក់បង្កើតឡើងដោយស្នាដៃកូនខ្មែរ និង សាលាបង្ហាត់ម៉ូដ និងច្នៃម៉ូដដែលមានឈ្មោះថា Queen Victoria ដោយបានរៀបចំកម្មវិធីដើរបង្ហាញម៉ូដពីក្រុមសិស្សបង្ហាញម៉ូដរបស់លោកផ្ទាល់ដែលមានទាំង កុមារ វ័យជំទង់ ពេញវ័យ និងតារាបង្ហាញម៉ូដល្បីៗ ដើរបង្ហួតរាងសម្ញែងម៉ូដសំលៀកបំពាក់ Kalkin យ៉ាងប្រណីតផលិតចេញពីសូត្រខ្មែរ។

តាមការគូសបញ្ជាក់បន្ថែមទៀតពីលោក អូលីវ៉ា គង់ សាលាបង្រៀនបង្ហាត់ម៉ូដ និងច្នៃម៉ូដ Queen Victoria ឥឡូវនេះក៏មានបើកថ្នាក់ជាច្រើនជំនាញដូចជា ថ្នាក់ចម្រៀងបង្រៀនដោយរាជិនីសំឡេងប្រចាំព្រះរាជាណាចក្រកម្ពុជាគឺអ្នកនាង ម៉េង កែវពេជ្ជតា ថ្នាក់ក្បាច់គុនល្បុក្កតោ ថ្នាក់រាំK-POP ថ្នាក់ដើរម៉ូដបែបហ្វេសសិននិងបវកញ្ញា។ សិស្សមករៀនផ្ទាល់នឹងទទួលបានចំណេះពីមូលដ្ឋានគ្រឹះនៃការដើរបង្ហាញម៉ូត យល់ដឹងច្បាស់អំពីហ្វេសហ្សិន ក៏ដូចជាវិស័យដើរម៉ូត មានឱកាសចូលរួមការប្រកួតប្រជែងដើម្បីទទួលបានសញ្ញាប័ត្របញ្ជាក់ការសិក្សា ក៏ដូចជាទទួលបានឱកាសដើរម៉ូតលើឆាកជាតិ និងអន្តរជាតិសម្រាប់កម្មវិធីបង្ហាញម៉ូតនានាផងដែរ៕

Share.