រ៉ាហ្វា៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបដិសេធការអង្វរពីលោក Joe Biden ដើម្បីលុបចោលផែនការវាយប្រហារដោយថ្មើរជើងតាមផែនការលើទីក្រុងរ៉ាហ្វា ដែលជាជម្រកចុងក្រោយនៅតំបន់ហ្គាហ្សា សម្រាប់ជនភៀសខ្លួន ជាង១លាននាក់ ជាកន្លែងដែលអ៊ីស្រាអែល ជឿថា ពួកសកម្មប្រយុទ្ធហាម៉ាស កំពុងសំងំលាក់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី២០ ខែមីនា ឆ្នាំ២០២៤។

លោក Netanyahu បានប្រាប់សមាជិកសភាកាលពីថ្ងៃអង្គារ នេះថា លោកបានបញ្ជាក់យ៉ាងច្បាស់បំផុត ទៅកាន់ប្រធានាធិបតីអាមេរិក ថា «យើងបានប្តេជ្ញាចិត្ត ដើម្បីលុបបំបាត់កងវរសេនាតូចទាំងនេះនៅទីក្រុងរ៉ាហ្វា ហើយគ្មានជម្រើសណាមួយបញ្ឈប់ការវាយប្រហារដោយថ្មើរជើងលើតំបន់នោះបានឡើយ»។

មេដឹកនាំទាំង២ បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ។ ទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន ជឿថា ការវាយលុកចូលទីក្រុងរ៉ាហ្វា នឹងក្លាយជា «កំហុស» ហើយថាអ៊ីស្រាអែល អាចសម្រេចបាននូវគោលដៅយោធារបស់ខ្លួនតាមមធ្យោបាយផ្សេង»ទៀត។

ទាក់ទិននឹងបញ្ហានេះ អ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយកាលពីថ្ងៃអង្គារថា «មន្ត្រីអាមេរិក និងអ៊ីស្រាអែលទំនងជានឹងជួបប្រជុំគ្នានៅដើមសប្តាហ៍ក្រោយនៅទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាអំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅទីក្រុងរ៉ាហ្វា»។

លោកស្រី Jean-Pierre បាននិយាយថា «លោក Biden បានស្នើឱ្យលោក Netanyahu បញ្ជូនក្រុមមន្ត្រីចារកម្ម និងក្រុមសិទ្ធិមនុស្សជាន់ខ្ពស់មួយក្រុម ទៅកាន់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការពិភាក្សាឱ្យកាន់តែស៊ីជម្រៅនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

ជុំវិញបញ្ហានេះដែរ ទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមការជំរុញការទូតថ្មីមួយសម្រាប់បទឈប់បាញ់ក្នុងសង្គ្រាមជិត៦ខែ ដើម្បីដោះលែងចំណាប់ខ្មាំង និងនាំយកជំនួយស្បៀងអាហារឱ្យប្រជាជនស៊ីវិល ដើម្បីបញ្ចៀសគ្រោះទុរ្ភិក្សនៅក្នុងទឹកដីរបស់ប៉ាឡេស្ទីន។

សូមជម្រាបថា គិតត្រឹមថ្ងៃអង្គារ សប្ដាហ៍នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានរាយការណ៍ថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន ដោយការវាយប្រហារដែលកំពុងបន្ដរបស់អ៉ីស្រាអែល លើតំបន់ហ្គាហ្សាស្រ្ទីបបានកើនឡើងដល់ ៣១,៨១៩នាក់ ខណៈចំនួនអ្នករបួសបានកើនឡើងដល់ ៧៣,៩៣៤នាក់ ចាប់តាំងពីក្រុមហាម៉ាសចាប់ផ្ដើមវាយប្រហារលើភាគខាងត្បូងរបស់អ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕

ប្រភព៖ CNA

Share.