ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់កដៃស្តាំ ចំណែកម្នាក់ទៀតជាជនជាតិចិនរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូហុងដាឌ្រីមជិះលឿនជ្រុលបុកម៉ូតូZOOMERជិះដោយបុរសជនជាតិចិនដឹកអីវ៉ាន់ឆ្លងផ្លូវ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវ៣០ម៉ែត្រ ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ តាន់ រ៉ន ហៅង៉ន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិព្រៃសលិច សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ របួសបាក់កដៃស្តាំ បែកក្បាលហូរឈាមកក្លាក់។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-3026 ធ្វើដំណើរពីជើងទៅត្បូងល្បឿនលឿន ដល់ចំណុចកើតហេតុ ហ្វ្រាំងមិនទាន់ ជ្រុលបុកម៉ូតូZOOMER ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HP-9261 ជិះដោយបុរសជនជាតិចិន ដឹកអីវ៉ាន់ឆ្លងផ្លូវពីលិចទៅកើត បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។

ក្រោយកើតហេតុជនរងគ្រោះរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកដង្កោ ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី ចំណែកម៉ូតូទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.