ក្រសួងមហាផ្ទៃបានចេញសេចក្ដីជូនដំណឹងស្ដីពី ការរឹតបន្តឹងគ្រប់គ្រង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់ រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត។ ការរឹតបន្ដឹងនេះ មិនមែនមានបំណងណាមួយធ្វើឲ្យប៉ះពាល់ដល់ដំណើរការអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញនៅក្នុងគោលបំណងដើម្បីធ្វើឲ្យអាជីវកម្មស្របច្បាប់សម្រាប់គ្រប់គ្រងសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម។ នេះជាការលើកឡើងរបស់លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។

សូមចុចអាន៖ ក្រសួងមហាផ្ទៃ៖ បង្ក្រាបបទល្មើសគ្រឿងញៀនជាង២០ករណី ឃាត់ខ្លួនជាង៥០នាក់

លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ

លោកបណ្ឌិត ទូច សុឃៈ បានបន្ថែមថា ការប្រើប្រាស់រំសេវជាតិផ្ទុះដើម្បីធ្វើអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តែងតែចេញគោលការណ៍ណែនាំជូនដល់រដ្ឋបាលរាជធានីខេត្តឲ្យពង្រឹងការគ្រប់គ្រងរាល់សិប្បកម្មអាជីវកម្មដែលផលិតកាំជ្រួចឬអាជីវកម្មនិងប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្ដារាជធានីខេត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះ គឺមិនមានបំណងឬចេតនាណាមួយធ្វើឲ្យប៉ះពាល់ដល់ការប្រកបរបរអាជីវកម្មរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញនៅក្នុងគោលបំណងដើម្បីធ្វើឲ្យអាជីវកម្មស្របច្បាប់សម្រាប់គ្រប់គ្រងសណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម។

លោកបណ្ឌិតបានលើកឡើងទៀតថា «វិធានការខាងលើនេះក៏ជាផ្នែកមួយនៃការបង្ការទប់ស្កាត់ការកើតមានមហន្ដរាយជាយថាហេតុ ដែលកើតចេញពីការប្រើប្រាស់គ្រាប់រំសេវផ្សេងៗក្នុងការប្រកបជាអាជីវកម្ម ពោលគឺចង់ធ្វើការគ្រប់គ្រងស្ដុកទុក ចរាចរណ៍ចែកចាយ ការផលិតបម្លែងទៅជាអ្វីមួយឲ្យបានល្អប្រសើរ និងគ្រប់គ្រងឲ្យបានកុំឲ្យកើតមានការថ្លោះធ្លោយ កើតចេញជាបញ្ហា ឬក៏បុគ្គលឆ្លៀតឱកាសប្រើប្រាស់រំសេវជាតិផ្ទុះធ្វើឲ្យប៉ះពាល់ដល់សណ្ឋាប់ សន្ដិសុខសង្គមរបស់យើង ដែលកំពុងមានភាពល្អប្រសើរនាពេលបច្ចុប្បន្ននេះ»

ផ្អែកតាមសេចក្ដីជូនដំណឹងចុះកាលបរិច្ឆេទថ្ងៃទី២០ ខែមីនា ២០២៤ ដែលចុះហត្ថលេខាដោយឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់ អភិបាល នៃគណៈអភិបាលរាជធានី ខេត្ត ឲ្យចាត់វិធានការរឹតបន្តឹង សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវជាតិផ្ទុះ នៅតាមបណ្តារាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវពិនិត្យរៀបចំធ្វើបច្ចុប្បន្នភាព សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មប្រើប្រាស់ រំសេវជាតិផ្ទុះ ដែលមិនមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ដោយតម្រូវឱ្យបិទសកម្មភាពសិប្បកម្ម អាជីវកម្មនោះជាបន្ទាន់។

២. ចំពោះ សិប្បកម្ម អាជីវកម្ម ដែលមានអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតត្រឹមត្រូវ ត្រូវណែនាំពង្រឹង បន្ថែមលើការគ្រប់គ្រងស្របតាមបទដ្ឋានបច្ចេកទេស សំដៅបង្ការ និងទប់ស្កាត់ហានិភ័យនានាដែលអាច បង្កឡើងជាយថាហេតុប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕

Share.