សិល្បៈជាតិ៖ ហូលពិតានខ្មែរ ឬ ព្រះបត់ នាពេលបច្ចុប្បន្ននេះមានមនុស្សភាគតិចណាស់ដែលស្គាល់ អាចមនុស្សមួយចំនួនធំ ពិសេសចាស់ៗអាចនឹងស្គាល់ច្រើនជាងក្មេងៗ។ សិល្ប:តម្បាញហូលពិតាន ឬព្រះបត់ គឺជាសិល្ប:តម្បាញដែលមានលក្ខខណ្ឌខុសពីសិល្ប:តម្បាញហូលធម្មតា ។ ការត្បាញហូលពិដាននេះ​គឺគេត្បាញដើម្បីជំនួសការគូរព្រះបត់ គំនូរ ឬចម្លាក់ផ្សេងទាក់ទងនឹងពុទ្ធសាសនានៅក្នុងវត្ត។

យ៉ាងណាមិញ នៅល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សារមន្ទីរជាតិបានរៀបចំពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី​ ហូលពិតាន៖ ការវិវឌ្ឍ និង បញ្ហាប្រឈម ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា រដ្ឋមន្ត្រីនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ភឿង សកុណា បានអញ្ជើញទស្សនា ហូលពិតានជាហូលដែលមានលក្ខណៈពិសេសជាងហូលដទៃទៀត ព្រោះអ្នកតម្បាញត្បាញជាខ្សែរឿងអំពីព្រះពុទ្ធសាសនា និង ជាគោមក្បាច់លម្អពិសេសៗ។ ពិព័រណ៍នេះមានគោលបំណង៖ ចែករំលែកព័ត៌មានបន្ថែមពីសមុច្ច័យតម្បាញហូលពិតានរបស់សារមន្ទីរ ផ្តល់សារនៃការព្រួយបារម្ភរបស់សិប្បករតម្បាញលើហានិភ័យនៃការបាត់បង់ការផលិតហូលពិតានតាមបែបប្រពៃណីខ្មែរ បង្ហាញពីបរិបទនៃការផ្លាស់ប្តូរក្នុងសង្គមខ្មែរលើតម្រូវការហូលពិតាន និងចរន្តនៃការផលិតហូលពិតានដើម្បីប្រើប្រាស់នាពេលបច្ចុប្បន្ន។  បន្ថែមពីនេះទៀត ពិព័រណ៍នេះធ្វើឡើងក៏ដើម្បីចូលរួមអបអរសាទរខួបលើកទី១០៤ឆ្នាំនៃការបង្កើតសារមន្ទីរជាតិកម្ពុជា។

ទន្ទឹមនឹងនោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិងកំពុងបណ្តុះបណ្តាលជំនាញដូនតាជំហានទី១ដល់យុវជចំនួន៣០០នាក់នៅតាមបណ្តារាជធានីខេត្តទាំង៨ ជាមួយនឹង១២ជំនាញ ដោយរាប់បញ្ចូលទាំងតម្បាញសូត្រផងដែរ។ បន្ថែមពីនេះ ក្រសួងក៏បានរៀបចំផ្តល់គោរមងារជាអាទិ៍ជូនលោកយាយ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង ទៅលើផ្នែកតម្បាញហូលជាដើម។ ក្នុងនោះក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមាននាយកដ្ឋានសារមន្ទីរជាសេនាធិការ ក៏បានធ្វើការអំពាវនាវដល់សប្បុរសជនជាតិនិងអន្តរជាតិក្នុងការជួយបន្តឧបត្ថម្ភសមុច្ច័យអំពីសូត្រមកកាន់សារមន្ទីរបន្ថែមទៀត។

សូមបញ្ជាក់ផងដែរថា ពិព័រណ៍ហូលពិតានលើកនេះជាលើកទី៤ដែលពិព័រណ៍ហូលពិតានលើកទី១នៅក្នុងឆ្នាំ២០១០ លើកទី២ក្នុងឆ្នាំ២០១២ លើកទី៣ក្នុងឆ្នាំ២០១៦។ ក្នុងពិព័រណ៍លើកនេះ ក្រុមការងារនៃនាយកដ្ឋានសារមន្ទីរបានជ្រើសរើសហូលពិតានចំនួន ១៧វត្ថុមកតាំងបង្ហាញ។ ការតាំងបង្ហាញចាប់ផ្តើមពីថ្ងៃទី២១ ខែមីនា ដល់ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤៕

Share.