មូស្គូ៖ បុរស ៤នាក់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្មកាលពីថ្ងៃអាទិត្យ ទី២៤ ខែមីនា ដោយសារជាប់ពាក់ព័ន្ធក្នុងការវាយប្រហារលើសាលប្រគុំតន្ត្រីមួយនៅទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៧នាក់ ហើយត្រូវបានបញ្ជាឱ្យឃុំខ្លួនរង់ចាំសវនាការកាត់ទោស។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន​ CNA នាថ្ងៃចន្ទ ទី២៥ ខែមីនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់តុលាការស្រុក Basmanny នៃទីក្រុងមូស្គូបាននិយាយថា ជនសង្ស័យទាំង ៤នាក់ អាចប្រឈមមុខនឹងការកាត់ទោសជាប់ពន្ធនាគារអស់មួយជីវិត។

ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជាឱ្យឃុំខ្លួនរហូតដល់ថ្ងៃទី២២ ខែឧសភា ប៉ុន្ដែការឃុំខ្លួននេះអាចនឹងមានរយៈពេលយូរជាងនេះ អាស្រ័យលើកាលបរិច្ឆេទការកាត់ទោសនឹងត្រូវធ្វើឡើងនៅពេលណា។ តាមសេចក្ដីថ្លែងការណ៍ដដែលបានឱ្យដឹងថា ជនជាប់ចោទ ២នាក់បានសារភាពកំហុស ដោយម្នាក់ក្នុងចំណោមពួកគេមកពីប្រទេសតាហ្ស៊ីគីស្ថាន បានសារភាព និងទទួលស្គាល់កំហុសរបស់គាត់ទាំងស្រុង។

អាជ្ញាធររុស្ស៊ីបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ១១នាក់ ពាក់ព័ន្ធនឹងការវាយប្រហារកាលពីយប់ថ្ងៃសុក្រ នៅឯសាលាក្រុង Crocus នៅជាយក្រុង Krasnogorsk ភាគខាងជើងនៃទីក្រុងមូស្គូ ក្នុងនោះរួមទាំងពួកភេរវករទាំង ៤នាក់ ដែលបានធ្វើសកម្មភាពបាញ់ប្រហារផ្ទាល់ផងដែរ ដោយក្រុមមន្រ្តីបាននិយាយថា ជនទាំង ៤នាក់នោះ ត្រូវបានបញ្ជាក់ថា ជាជនបរទេសទាំងអស់។

យ៉ាងណាម៉ិញ ទោះបីជាក្រុម ISIS បានចេញមុខអះអាងថា ការវាយប្រហារលើសាលប្រគុំតន្រ្តីនៅជាយទីក្រុងមូស្គូ គឺជាស្នាដៃរបស់ខ្លួនក៏ដោយ ក៏ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចោទប្រកាន់ថា ទីក្រុងកៀវ មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនេះ ត្បិតលោកទទួលបានព័ត៌មានថា ភេរវករទាំងនោះត្រូវបានចាប់ខ្លួន នៅពេលព្យាយាមរត់គេចចូលទៅក្នុងទឹកដីរបស់ប្រទេសអ៊ុយក្រែន។

ទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេលេនស្គី និងសហរដ្ឋអាមេរិកបានច្រានចោលការលើកឡើងពីចោទប្រកាន់មកលើទីក្រុងកៀវ។

សូមជម្រាបថា ការវាយប្រហារនេះ គឺជាការសម្លាប់ជនស៊ីវិលច្រើនបំផុតក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីដើមឆ្នាំ២០០០ មក៕

ប្រភព៖ CNA

Share.