ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀន បើកប្រតិបត្តិការបង្ក្រាបទីតាំងក្លឹបកម្សាន្តមួយកន្លែង ពាក់ព័ន្ធ ចរាចរ ប្រើប្រាស់គ្រឿងញៀន ឈានដល់ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១១១នាក់ ដកហូតបានថ្នាំញៀនប្រមាណ៥គីឡូក្រាម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។

ប្រតិបត្តិការខាងលើ បានប្រព្រឹត្តទៅកាលពីវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នៅក្លឹប ថាំង ហ៊ួយ ស្ថិតនៅតាមផ្លូវ១០៣ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឱ្យដឹងបឋមថា ទីតាំងក្លឹបកម្សាន្តខាងលើ ពាក់ព័ន្ធទៅនឹងចរាចរ ប្រើប្រាស់គ្រឿងញៀន (ថ្នាំគ្រវី) ទើបនៅរំលងអធ្រាត្រឈានចូលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលនីតិវិធី ពីលោកព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាប ទីតាំង ថាំង ហ៊ួយ ក្លឹប ចំណុចខាងលើ ឃាត់ខ្លួនមនុស្សប្រុសស្រី បានចំនួន១១១នាក់ ថ្នាំញៀនប្រមាណ៥គីឡូក្រាម និងសម្ភារៈមួយចំនួនទៀត ។

មនុស្សប្រុសស្រីទាំង១១១នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីអនុវត្តិបន្តតាមនីតិវិធី ៕

អត្ថបទ៖ទូច វិច្ឆិកា

Share.