កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យ២នាក់ បន្ទាប់ពីស្រវឹងស្រាប្រើហិង្សាទៅលើប្រជាការពារម្នាក់ បណ្តាលឱ្យរងរបួសកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២១:២០នាទី ស្ថិតនៅចំណុចភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យឃាត់ខ្លួនបាន ទី១.ឈ្មោះ វាសនា ស្រស់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី២.ឈ្មោះ វាសនា សំណាង ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃសំរោង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជាប្រជាការពារភូមិ បានចេញល្បាតនៅក្នុងភូមិសាស្ដ្ររបស់ខ្លួន និងបានចាប់ដៃប្រទាក់ក្រឡាគ្នាជាមួយកម្លាំងប៉ុស្ដិ៍នគរបាលទួលព្រេជ។ ខណៈជនរងគ្រោះល្បាតដល់ចំណុចកើតហេតុខាងលើ ក៏បានអង្គុយពិភាក្សាគ្នាលេង និងហូបស្រាបៀរមួយកំប៉ុងម្នាក់។ រហូតដល់ម៉ោងកើតហេតុស្រាប់តែមានជនសង្ស័យម្នាក់បានមកដល់ ដោយមានសភាពស្រវឹងជោគជាំ ហើយបាននិយាយពាក្យសម្ដីទៅកាន់ជនរងគ្រោះពាក្យធ្ងន់ៗ រហូតកើតជាកំហឹង ដោយជនសង្ស័យបានវាយជនរងគ្រោះមួយដៃចំថ្ពាល់ខាងឆ្វេង ទើបជនរងគ្រោះបានយកពិលដែលកាន់ជាប់និងដៃ វាយតបវិញ ស្រាប់តែមានបក្ខពួកជនសង្ស័យម្នាក់ទៀតបានមកដល់ ហើយបានចាប់ជនរងគ្រោះ នឹងព្រួតគ្នាវាយទៅលើជនរងគ្រោះរហូតដល់សន្លប់ ភ្លាមៗ ក៏មាននាក់ជួយឃាត់ ទើបជនសង្ស័យឈប់វាយ ហើយបាននាំគ្នាជិះម៉ូតូចេញបាត់ទៅ ចំណែកជនរងគ្រោះត្រូវបានបងប្អូននិគ្រួសារបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលសុខភាពឃុំទួលព្រេជ។

ជនរងគ្រោះមានឈ្មោះ ថាច់ ភារុណ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរប្រជាការពារភូមិ រស់នៅភូមិកើតហេតុខាងលើ របួសត្រង់ត្រចៀក ក្បាល និងមានស្នាមដាច់រលាត់ស្បែកលើស្មាជុំវិញ។

ក្រោយមកក៏ឃើញជនសង្ស័យទាំង០២នាក់ បានទៅដល់ប៉ុស្ដិ៍នគរបាលទួលព្រេជ ក្នុងគោលបំណងមកចង់ដាក់ពាក្យបណ្ដឹង ពេលនោះសមត្ថកិច្ចបានទទួលព័ត៌មានករណីខាងលើ ក៏បានហៅជនសង្ស័យទាំង០២នាក់សួរនាំ ដោយជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនទាំង០២នាក់ ពិតជាបានវាយទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសពិតប្រាកដ។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ត្រូវបានកម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖កណ្តាល

Share.