កំពង់ស្ពឺ ៖ បុរសម្នាក់ស្លាប់ភ្លាមៗយ៉ាងអាណោចអធ័ម ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងរថយន្តបែនដឹកដី បើកបុកពីក្រោយម៉ូតូហុងដាឌ្រីម កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣៨-៣៩ ក្នុងភូមិស្លា ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះម្នាក់បានស្លាប់ មានឈ្មោះ ហឿន ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ឈ្មោះ ហៃ ធឿន ភេទស្រី អាយុ៣៥ឆ្នាំ ។ ទាំង២នាក់រស់នៅភូមិទឹកជារ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កោះកុង 3A-0656 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុជ្រុលបុកពីក្រោយម៉ូតូហុងដាឌ្រីម កំពុងជិះឌុបគ្នាពីលិចទៅកើត បណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុស្ត្រីរងរបួសត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្ត និងម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញ កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

អត្ថបទ៖ តាតុងសែនជ័យ

Share.