កណ្តាល៖ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់ពី ប្រើហិង្សាទៅលើស្រ្តីម្នាក់ កាលពីវេលាម៉ោង ២២:៥០នាទី នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅមុខបន្ទប់ជួលជនសង្ស័យភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កង ស្រីមាស ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនី ស្នាក់នៅបន្ទប់ជួលភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រងរបួសបែកចុងចិញ្ចើមខាងស្ដាំ ដេរចំនួន០៣ថ្នេរ និងរបួសក្បាលជង្គង់ខាងឆ្វេង។ ចំណែកជនសង្ស័យឃាត់ខ្លួនមានឈ្មោះ សេង សុខទ្រី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលលេខ២៥ នៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

តាមសមត្ថិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានចងអង្រឹងនៅមុខបន្ទប់ជួលរបស់ខ្លួនសម្រាប់ដេកសម្រាកលេង លុះដល់ថ្ងៃកើតហេតុជនរងគ្រោះបានទៅដេកលើអង្រឹងរបស់ជនសង្ស័យ ក្រោយមកជនសង្ស័យឃើញ បាននិយាយទៅកាន់ជនរងគ្រោះថា ចែដេកលើអង្រឹងកុំយោលខ្លាំងៗពេក ប្រយ័ត្នបាក់បង្អួចខ្ញុំ ពេលនោះក៏បានចាប់ផ្ដើមនិយាយទាក់ពាក្យសម្ដីគ្នាទៅវិញទៅមក ហើយភាគីទាំងពីរ បានរុញច្រានគ្នាទៅវិញទៅមក បន្ទាប់មកជនសង្ស័យបានវាយលើជនរងគ្រោះមួយដៃ បណ្ដាលឱ្យមានរបួសត្រង់ចុងចិញ្ចើមខាងស្ដាំ។

ក្រោយមកភាគីទាំងពីរ បានបំបែកគ្នាទៅបន្ទប់រៀងៗខ្លួន ហើយជនរងគ្រោះបានរាយការណ៍ទៅប៉ុស្ដិ៍នគរបាលបែកចាន បន្ទាប់ពីទទួលព័ត៌មានហើយកម្លាំងប៉ុស្ដិ៍ចុះទៅដល់កន្លែងកើតហេតុ ដោយជនរងគ្រោះមានរបួសទើបឱ្យទៅមន្ទីរពេទ្យព្យាបាលរបួស ហើយបានហៅជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ ដោយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយទៅលើជនរងគ្រោះមែន ដោយសារជនរងគ្រោះបានទះកំផ្លៀងមកលើខ្លួនមុន។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងផ្នែកជំនាញ កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ កណ្តាល

Share.