ភ្នំពេញ មានករណីបុរស២នាក់ដេកស្លាប់នៅចិញ្ចើមផ្លូវ២ករណីផ្សេងគ្នាគឺនៅខណ្ឌដង្កោនិងខណ្ឌមានជ័យ បង្កអោយមានការភ្ញាក់ផ្អើលកើតឡើង នៅព្រឹកថ្ងៃទី ៦ខែមេសាឆ្នាំ ២០២៤​ ។

ដោយករណីទី១​ បុរសជនរងគ្រោះឈ្មោះអាត​ សុខា​ អាយុ៤១ ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួល​ ភូមិសំបួរ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​  និងមានទីលំនៅនៅភូមិតាឡី​ សង្កាត់តដង្កោ​ ខណ្ឌដង្កោ។ 

បើតាមប្រភពព័ត៍មានពីសាច់ញាតិជនរងគ្រោះបានប្រាប់ឲ្យដឹងថា បុរសជនរងគ្រោះខាងលើក្រោយពីបានលែងលះប្រពន្ធអស់រយៈពេលជាង ១០ ឆ្នាំ ដោយមានវិបត្តិផ្លូវចិត្តក៏ចេះតែផឹកស្រាជាប្រចាំមក​ហើយតែប្រមាណពីរបីថ្ងៃចុងក្រោយនេះជនរងគ្រោះមានអាការៈមិនសូវស្រួលខ្លួនចេះតែក្ដៅញ័តញាក់​ ក៏បានទៅផ្សំថ្នាំលេប។

លុះដល់ម៉ោងប៉ុន្មានជាង ៣ ទៀតភ្លឺថ្ងៃកើតហេតុជនរងគ្រោះបានរត់ចេញពីបន្ទប់មកលើចញ្ចេីមផ្លូវក៏មានអាការៈក្អួតចង្អោលធ្លាក់ឈាមហើយម៉ោងប៉ុន្មានជាង ៤ ថ្ងៃខែឆ្នាំដដែលជនរងគ្រោះក៏បានស្លាប់ ពេលនោះក្រុមគ្រួសារក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន​ ហើយសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកពិនិត្យសពជនរងគ្រោះរួចធ្វើលិខិតប្រគល់សពទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យនៅវត្តសំបួរមាស។

ចំណែកករណីទី២ នៅព្រឹកថ្ងៃដដែលនេះដែរក៏មានករណីបង្កការភ្ញាក់ផ្អើលនូវតាមបណ្ដោយផ្លូវ ២១៧ ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី ៣  ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់បានដេកផ្កាប់មុខស្លាប់នៅលើចិញ្ចើមផ្លូវក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដើម្បីចុះមកពិនិត្យសព។

សមត្ថកិច្ចបានអោយដឹងថា​ សពមានឈ្មោះ គា សុខរិទ្ធ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិអូរតាគី ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានអោយដឹងថា សពពាក់អាវដៃខ្លី ស្លៀកខោជើងវែង ខោអាវបាតដៃ និងបាតជើងប្រឡាក់ដី, ខ្លួនប្រាណមានសត្វស្រមោចរោម និងខាំចេញឈាម​ សពមានសភាពរឹង, នៅក្នុងហោប៉ោសាកសពមានកូនកាបូប១ខាងក្នុងកាបូបមាន លុយខ្មែរ៥,៤៥០០រៀល កាតចាក់វ៉ាក់សាំង និងកាតសន្តិសុខក្រុមហ៊ុនMPA មានឈ្មោះ គា សុខរិទ្ធ និងកាតអនាគារអេស៊ីលីដា។

ក្រោយពីសមត្ថកិច្ចជំនាញពិនិត្យកន្លែងកើតហេតុ និងសពជនរងគ្រោះរួចបានបញ្ជាក់ប្រាប់ថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជម្ងឺបេះដូង។

បន្ទាប់មកសពដឹកយកទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីស្វែងរកសាច់ញាតមកទទួលយកទៅធ្វេីបុណ្យ៕

Share.