សិល្បៈ​ជាតិ​៖ កាន់តែខិតជិតដល់មែនទែនហើយ សម្រាប់មហាព្រឹត្តិការណ៍ សង្ក្រាន្តព្រៃវែង២០២៤ ដែលនឹងប្រព្រឹត្តទៅនាទីរួមខេត្តព្រៃវែង នៅសួនច្បារសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ចាប់ពីថ្ងៃទី១២ រហូតដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២៤ ពោលគឺនៅសល់ត្រឹមតែ ៤ថ្ងៃទៀតតែប៉ុណ្ណោះ។ កម្មវិធីសង្ក្រាន្តព្រៃវែង ធ្វើឡើងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមកិច្ចសហការគ្នារវាងរដ្ឋបាលខេត្តព្រៃវែង និង ស.ស.យ.ក ខេត្តព្រៃវែង។

មុន​ដល់​កម្មវិធី​ ​គេ​មើល​ឃើញ​ពី​ការ​រៀប​ចំ​សណ្ដាប់​ធ្នាប់​និង​ការ​តុប​តែង​លម្អ​សួនច្បារ​ ​ការ​ដំឡើង​ខ្លោង​ទ្វារ​សង្ក្រាន្ត​ព្រៃវែង​ ២០២៤​ ​ការ​ដំឡើង​ខ្លោង​ទ្វារ​សង្ក្រាន្ត​ព្រៃវែង​ ​និង​ការ​តុបតែង​លម្អ​វិថី​សន្តិភាព​ ​ការ​រៀប​ភ្លើង​ចំរុះ​ពណ៌នា​ពេល​រាត្រី​នៅ​បរិវេណ​សួនច្បារសម្តេចអគ្គមហាពោធិសាល ជា ស៊ីម និងសួនច្បារសម្ដេច ក្រឡាហោម ស ខេង ការលេងល្បែងប្រជាប្រិយ ​ការ​ប្រគំ​តន្ត្រី​ដែល​មាន​ការ​ចូលរួម​ពី​តារា​ល្បីៗ​ប្រចាំ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​ ​កម្មវិធី​ប្រកួត​អុក​ចត្រង្គ​ ​ការ​ប្រកួត​ប្រុស​ស្អាត​ស្រី​ស្អាត​វ័យ​ចំណាស់​ ​ការ​តាំង​ពិព័រណ៌​ផលិត​ផល​ក្នុង​ស្រុក​ ​និង​ម្ហូប​អាហារ​ដ៏​សំបូរ​បែប​ ​ការ​បង្ហោះ​គោម​ ​បាញ់​កាំជ្រួច​ ​ជា​ពិសេស​គឺ​មាន​រៀប​ចំ​តំបន់​ត្រជាក់​ចិត្ត​ ​ដែល​មាន​បាញ់​ទឹក​និង​ពពុះសាប៊ូ ​​ដើម្បី​ផ្ដល់​ភាព​ត្រជាក់​ត្រជុំ ​​និង​សប្បាយ​រីករាយ​ដល់​អ្នក​ដែល​បាន​មក​ដើរ​លេង​កម្សាន្ត​នៅ​ខេត្ត​ព្រៃវែង​ផង​ដែរ​។​

បងប្អូន​​ដែល​​មាន​​បំណង​​ទៅ​​ដើរ​​លេង​​កម្សាន្ត​​នៅ​​ខេត្ត​​ព្រៃវែង​ អាច​​ចូល​​ទៅ​​កាន់​​ផេក​ ​សង្ក្រាន្ត​ព្រៃវែង​​ ដើម្បី​ជ្រាប​​កាន់​​តែ​ច្បាស់​​​ពី​ទីតាំង​​ប្រារព្ធ​​កម្មវិធី​​នានា​​៕​

Share.