ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ព្រួយ​បារម្ភ​ពី​គុណភាព​ទឹក​ទន្លេ​មេគង្គ ក្រោយ​មាន​ហេតុការណ៍​ក្រឡាប់​រថយន្ត​ដឹក​សារធាតុ​គីមី​គ្រោះ​ថ្នាក់ ធ្វើ​ឲ្យ​កំពប់​ចូល​ទន្លេ​ណាម ខាន់ នៅ​ប្រទេស​ឡាវ កាល​ពី​ថ្ងៃ​ទី ៣ ខែ​មេសា ឆ្នាំ​២០២៤ ។ ករណី​នេះ លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ខាង​ប្រទេស​ឡាវ កំពុង​ធ្វើ​ការ​ត្រួត​ពិនិត្យ​អំពី​ទំហំ​ប៉ះពាល់​ដល់​បរិស្ថាន​។ គិត​មក​ដល់​ថ្ងៃ​ទី​៧ មេសា​នេះ លេខាធិការដ្ឋាន​ទន្លេ​មេគង្គ និង​អាជ្ញាធរ​ឡាវ​បញ្ជាក់​ថា ពុំ​មាន​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ទន្លេ​ណាម ខាន់ និង​ទន្លេ​មេគង្គ​នោះ​ទេ​។

សារធាតុ​គីមី​ដែល​កំពប់​ចូល​ទៅ​ក្នុង​ទន្លេ​ណាម ខាន់​គឺ​ជា អាស៊ីដ​ស៊ុលហ្វួរិក មានចំណុះ៣០តោន តែ​វា​មិន​ហូរ​ចូល​ក្នុង​ទឹក​ទន្លេ​ទាំង​អស់​នោះ​ទេ​។

សូម​បញ្ជាក់​ថា ទន្លេ​ណាម ខាន់ ជា​ទន្លេ​តូច​មួយ​នៅ​ប្រទេស​ឡាវ ដែល​ប្រព្វ​គ្នា​នឹង​ទន្លេ​មេគង្គ​នៅ​ហ្លួងព្រះបាង​។

តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Laotian Times កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា​ឆ្នាំ ២០២៤ រថយន្ត​ដឹក​អាស៊ីដ​ស៊ុលហ្វួរិក​ចំណុះ ៣០​តោន មួយ​គ្រឿង​បាន​ក្រឡាប់​បះ​ជើង នៅ​ភូមិ ភូសាងខាំ ស្រុក​ហ្លួងព្រះបាង ធ្វើ​ឲ្យ​កំពប់​ទឹក​អាស៊ីដ​ប្រមាណ​ជា​ពាក់កណ្ដាល (៥០%) ចូល​ទៅ​ក្នុង​ស្ទឹង​ក្បែរ​ទន្លេ​ណាម ខាន់ ដែល​ស្ទឹង​នោះ​វា​ហូរ​ចូល​ទៅ​ក្នុង​ទន្លេ​ដែរ​។ សារព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ទី​តាំង​កើត​ហេតុ​មាន​ចម្ងាយ​ប្រហែល ៣០០ ម៉ែត្រ​ពី​ទន្លេ​ណាម ខាន់ និង​ប្រហែល ៦ គីឡូម៉ែត្រ​ពី​ចំណុច​ប្រសព្វ​នៃ​ទន្លេ​មេ​គង្គ​។ ប្រសិនបើ​គិត​​ពី​ទី​នោះ​មក​ដល់​ព្រំប្រទល់​កម្ពុជា-ឡាវ​មាន​ចម្ងាយ ១ ៣៧០ គីឡូម៉ែត្រ​។

ទោះជា​មិន​ទាន់​រក​ឃើញ​ពី​ផល់​ប៉ះពាល់​ដល់​បរិស្ថាន​ទន្លេ​ណាម ខាន់ និង​ទន្លេ​មេគង្គ ដែល​បណ្ដាល​មក​ពី​ឧបទ្ទវហេតុ​ក្រឡាប់​រថយន្ត​ដឹក​ទឹក​អាស៊ីដ​ខាង​លើ​ក្ដី ក៏​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេ​មេគង្គ​នៅ​តែ​​សហការ​ជា​មួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ពិនិត្យ​តាម​ដាន​វាយ​តម្លៃ​ជា​បន្ត​ទៀត ធ្វើ​យ៉ាង​ណា​ធានា​ដល់​កិច្ចការពារ​បរិស្ថាន និង​សុខភាព​សាធារណៈ​របស់​ប្រជាពលរដ្ឋ​រស់​នៅ​តាម​ដង​ទន្លេ​។

ជា​មួយ​គ្នា​នេះ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា កំពុង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ អំពី​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​ពី​ឧបទ្ទវហេតុ​ខាង​លើ មក​លើ​គុណភាព​ទឹក​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា និង​ធ្វើ​ការ​ជូន​ដំណឹង​បន្ថែម ក្នុង​ករណី​ចាំបាច់​។

អត្ថបទ៖ ឈិន ធារ៉ាត់

Share.