លោក អាមិក ហាយស៊ូន (Amick Haissoune ) អ្នក​ឯកទេស​មុជ​ទឹក និង​ជា​អ្នក​ស្រាវជ្រាវ​បាទ​សមុទ្រ​ជនជាតិ​កាណាដា បាន​ពន្យល់​ពី​លក្ខណៈ​របស់​សេះ​សមុទ្រ​យ៉ាង​ដូច្នេះ​ថា ក្បាល​ជា​សេះ ខ្លួន​ជា​ត្រី កន្ទុយ​ដូច​ស្វា ដែល​អាច​ឲ្យ​ពួក​វា​អាច​ថ្ពក់​​ជាប់​នឹង​របស់​ផ្សេង​ទៀត​បាន។ ​របៀប​រស់​នៅ​របស់​សេះ​សមុទ្រ គឺ​ពួក​វា​ដើរ​រក​កន្លែង​ល្អ​ទំនង​នៅ​បាន ហើយ​រំ​កន្ទុយ​ជាប់​នឹង​ស្មៅ​សមុទ្រ ខ្យង និង​អ្វី​ផ្សេង​ៗ​ទៀត ដោយ​នៅនឹង​មួយ​កន្លែង ហើយ​ពួក​វា​បន្លំ​ខ្លួន​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន។ សេះ​សមុទ្រ​មាន​ព្រុយ​តូច​ណាស់​នៅ​លើ​ខ្នង ដែល​ធ្វើ​ឲ្យ​វា​លំបាក​ហែល​ទៅ​ឆ្ងាយ​បាន ដូច្នេះ​ហើយ​វា​រស់នៅ​តែ​កន្លែង​មួយ​តូច​ប៉ុណ្ណោះ។

វា​មាន​លក្ខណៈ​ពិសេស​ពី​សត្វ​ដទៃ​ទៀត នៅ​ពេល​វា​បន្ត​ពូជ សេះ​សមុទ្រ​ឈ្មោល​ ជា​អ្នក​ពពោះ។ ដោយ​សេះ​សមុទ្រ​ញី​យក​ពង​ដាក់​ចូល​ទៅ​ក្នុង​ថង់​ពោះ​សត្វ​ឈ្មោល ដោយ​ក្នុង​ថង់​ពោះ​សេះ​សមុទ្រ​ឈ្មោល​នោះ​មាន​មេ​ជីវិត​ឈ្មោល។ ប្រមាណជា១០ ទៅ ១២ ថ្ងៃ ទើប​កូន​សេះ​សមុទ្រ​ក៏​កើត​ចេញ​មក​ក្រៅ​។ សេះ​សមុទ្រ​អាច​បង្កើត​កូន​បាន​ម្ដងៗ​ចន្លោះ​ពី​៥០​ទៅ​១០០​ក្បាល​។

លោក អាមិក ហាយស៊ូន (Amick Haissoune ) ខាងឆ្វេង

លោក អាមិកថា «ចំពោះ​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ពិត​ជា​ចូល​ចិត្ត​សេះ​សមុទ្រ​ណាស់ ព្រោះ​វា​ចេះ​បន្លំ​ខ្លួន​វា​ឲ្យ​ដូច​ទៅ​នឹង​បរិស្ថាន​ជុំវិញ​ខ្លួន​វា។ វា​ធ្វើ​ម៉េច? គឺ​វា​ភ្ជាប់​ខ្លួន​នឹង​ស្មៅ​សមុទ្រ ហើយ​វា​ធ្វើ​ខ្លួន និង​ចលនា​ឲ្យ​ដូច​ស្មៅ​សមុទ្រ ពេល​ដែល​ខ្ញុំ​មុជ​ទឹក​ទៅ​មើល​នៅ​បាទ​សមុទ្រ ពេល​ខ្លះ​មើល​មិន​ដឹង​ទេ អាច​នឹង​ច្រឡំ​ថា នេះ​ជា​ស្មៅ​សមុទ្រ ឬ​ជា​សេះ​សមុទ្រ ហើយ​​ព្យាយាម​ពិនិត្យ​មើល ព្រោះ​វា​ពិត​ជា​ដូច​គ្នា​មែនទែន។ ខ្ញុំ​ស្រលាញ់​វា​ត្រង់​ថា វា​សម្រប​ខ្លួន​បាន​យ៉ាង​ល្អ​ជា​មួយ​ធម្មជាតិ​»

បើ​តាម​ការ​ពន្យល់​របស់​លោក អ៊ុក វិបុល ប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​រដ្ឋបាល​ជលផល សេះ​សមុទ្រ​នៅ​កម្ពុជា មាន​ខ្ទង់​៧​ទៅ​៨ប្រភេទ ចែក​ចេញ​ជា​២​ពួក គឺ សេះ​សមុទ្រ​មាន​បន្លា និង​សេះ​សមុទ្រ​គ្មាន​បន្លា​។ សេះ​សមុទ្រ ជា​ប្រភេទ​ត្រី​សមុទ្រ​ម្យ៉ាង ដែល​មាន​រូបរាង​ចម្លែក​ដូច​ជា​សេះ ហើយ​ហែល​បញ្ឈរ​ខ្លួន​ខុស​ពី​ប្រភេទ​ត្រី​ទូទៅ​។ វា​ជា​ប្រភេទ​ត្រី​មាន​ចំណី​ចម្រុះ ដោយ​អាហារ​មាន​ដូច​ជា​កូន​បង្គា និង​កូន​ត្រី​ល្អិតៗ ប្លង់តុង និង​ប្រភេទ​មួយ​ចំនួន​ស៊ី​ស្លែ និង​រុក្ខជាតិ​។ សេះ​សមុទ្រ​មាន​ទំហំ​ចាប់​ពី ១,៦ ទៅ ៣​៥​សង់​ទី​ម៉ែត្រ ទម្ងន់​ប្រហែល ៥០០ក្រាម​នៅ​ពេល​ពេញ​វ័យ ហើយ​វា​អាច​រស់​បាន​ចាប់​ពី​១ឆ្នាំ រហូត​ដល់​៥​ឆ្នាំ តាម​ប្រភេទ​តូច និង​ធំ​។

លោក អាមិក បាន​លើក​ឡើង​ពី​អត្ថប្រយោជន៍​នៃ​ការ​សិក្សា​ពី​សេះ​សមុទ្រ​ថា នៅ​ពេល​និយាយ​ពី​សេះ​សមុទ្រ គឺ​ងាយ​នឹង​ចាប់​ចិត្ត​មនុស្ស​ដែល​ចង់​ថែ​រក្សា​វា ព្រោះ​គេ​ស្រលាញ់​ចូល​ចិត្ត ដោយ​គិត​ថា វា​ស្អាត ប្លែក។ ប្រសិន​បើ​គេ​ធ្វើ​យុទ្ធនាការ ​ក៏ដូចជា​ព្យាយាម​អភិរក្ស​សេះ​សមុទ្រ នោះ​មាន​ន័យ​ថា ​គេ​កំពុង​ថែ​រក្សា​ការពារ​ប្រភេទ​ផ្សេងៗ ​ទៀត ​នៃ​ភាវ​រស់​បាត​សមុទ្រ​ដែរ។

ហេតុ​ផល​មួយ​ទៀត ការ​សិក្សា​ពី​សេះ​សមុទ្រ គឺ​ជា​សូចនាករ ឲ្យ​យើង​ដឹង​បាន​ងាយ​ពី​ការ​ប្រែប្រួល​នៃ​បរិស្ថាន​បាត​សមុទ្រ ​គុណភាព​ទឹក និង​ភាវរស់​បាត​សមុទ្រ​។

សេះ​សមុទ្រ​គឺ​ជា​សត្វ​ដ៏​គួរ​ឱ្យ​ស្រលាញ់ មាន​រូបរាង​តូច និង​អត្តចរិត​ស្លូត​បូត​សុភាព​រាបសា​។ ភាគ​ច្រើន​រស់​នៅ​ក្នុង​តំបន់​ទឹក​រាក់ សម្បូរ​ស្មៅ​សមុទ្រ និង​បាត​ខ្សាច់​។

បើ​យោង​តាម​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា (MCC) កែប​ជា​គោលដៅ​ប្រមូល​សេះ​សមុទ្រ​ធំ​មួយ​នៅ​កម្ពុជា ជា​ធម្មតានៅ​ពេល​ដែល​សមុទ្រ​មាន​លក្ខណៈ​ល្អ គេ​ឃើញ​មាន​សេះ​សមុទ្រ​នៅ​គ្រប់​កន្លែង ប៉ុន្តែ​បច្ចុប្បន្ន ដោយ​សារ​មាន​បញ្ហា​ជា​ច្រើន ដែល​ធ្វើ​ឲ្យ​បាត​សមុទ្រ​រង​ការ​បំផ្លាញ និង​តម្រូវ​ការ​ក្នុង​ទី​ផ្សារ​ខុស​ច្បាប់ សេះ​សមុទ្រ​ក៏​កំពុង​រង​ការ​គំរាមកំហែង​។ ប៉ុន្តែ​នៅ​ជុំវិញ​កោះ​អាចម៍សេះ​ដែល​ជា​តំបន់​អភិរក្ស​សមុទ្រ និង​កន្លែង​មួយ​ចំនួន​ទៀត ដែល​អង្គការ MCC ​ធ្វើ​ការ​ជា​មួយ​រដ្ឋបាល​ជលផល និង​សហគមន៍ ដើម្បី​អភិរក្ស ឥឡូវ​សេះ​សមុទ្រ​ចាប់​ផ្ដើម​កើន​ឡើង​វិញ​ជា​បណ្ដើរៗ​។

កញ្ញា ថាប់ រចនា ប្រធាន​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា​ពន្យល់​បន្ថែម​ថា «និយាយ​អំពី​ទឹក ប្រសិន​អ្នក​មាន​អាង​ចិញ្ចឹម​ត្រី អ្នក​នឹង​ត្រូវ​ការ​ដាក់​ឧបករណ៍​ចម្រោះ​ទឹក ដើម្បី​ធ្វើ​ឲ្យ​ទឹក​ស្អាត ចំណែក​ឯ​សមុទ្រ​ប្រៀប​ដូច​ជា​អាង​ទឹក​ដ៏​ធំ ​មាន​អាយុកាល​រាប់​លាន​ឆ្នាំ​មក​ហើយ សមុទ្រ​បាន​បង្កើត​ប្រព័ន្ធ​ចម្រោះ​ទឹក​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​ឯង​។ ប្រព័ន្ធ​ចម្រោះ​ពី​ធម្មជាតិ​នោះ គឺ​បាន​ពី​សត្វ​ក្នុង​សមុទ្រ​ដូច​ជា ខ្យង គ្រំ ផ្កាថ្ម អយស្ទ័រ ស្មៅ​សមុទ្រ​ជា​ដើម ហើយ​រក្សា​ទឹក​ឲ្យ​ថ្លា ស្អាត​ល្អ ដែល​អាច​ឲ្យ​ជលជាត​រាប់​រយ​លាន​ប្រភេទ​អាស្រ័យ​នៅ​បាន​។ សមុទ្រ​ពិសេស​អស្ចារ្យ​ណាស់ ឧទាហរណ៍​ថា ផ្កា​ថ្ម​មាន​នាទី​ច្រោះ​ទឹក​ឲ្យ​ស្អាត ទឹក​ស្អាត​មាន​ពន្លឺ និង​អុកស៊ីហ្សែន​គ្រប់គ្រាន់​សម្រាប់​ស្មៅ​សមុទ្រ​ដុះ​លូតលាស់​ល្អ​។ ស្មៅ​សមុទ្រ​ដូច​ជា​ព្រៃ​ឈើ​ដែរ វា​ជា​ជម្រក និង​ជា​ប្រភព​ចំណី​ពពួក​ត្រី ក្ដាម បង្គា មឹក និង​ជលជាត​នានា ហើយ​ពួក​វា​ក៏​ជា​អ្នក​ថែ​រក្សា និង​សម្អាត​ពួក​ផ្កា​ថ្ម​វិញ​ដែរ​»

សេះ​សមុទ្រ មាន​ចំនួន​៤៦​ប្រភេទ នៅ​ទូទាំង​ពិភពលោក ហើយ​ប្រភេទ​ខ្លះ​ស្ថិត​ក្នុង​បញ្ជី​ក្រហម ដែល​មាន​ចំណាត់​ថ្នាក់​កំពុង​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ផុតពូជ របស់​អង្គការ​សហភាព​អន្តរជាតិ​ដើម្បី​ការ​អភិរក្ស​ធម្មជាតិ IUCN ហើយ​ត្រូវ​បាន​ចាត់​ថ្នាក់​ក្នុង អនុសញ្ញា​ស្ដីពី​ពាណិជ្ជកម្ម​អន្តរជាតិ​លើ​ប្រភេទ​សត្វ រុក្ខជាតិ​ព្រៃ កំពុង​រង​គ្រោះថ្នាក់ (CITES) ក្នុងឧបសម្ព័ន្ធ២ គឺ​សំដៅ​ដល់​ប្រភេទ​អាច​រងគ្រោះ​ប្រសិន​បើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយ​គ្មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ដោយឡែក ព្រះរាជាណាចក្រ​កម្ពុជា​យើង​បាន​ចាត់​ថ្នាក់​សេះ​សមុទ្រ​ជា​ប្រភេទ​ក្រុម​កំពុង​រង​ការ​គំរាមកំហែង​ឈាន​ទៅ​រក​ការ​ជិត​ផុតពូជ តាម​រយៈ​អនុក្រឹត្យ​លេខ​១២៣ ចុះថ្ងៃទី១២ ខែ​សីហា ឆ្នាំ២០០៩ ដោយ​ហាម​ដាច់​ខាត​ការ​ចាប់ ដឹក​ជញ្ជូន និង​លក់​ប្រភេទ​សត្វ​នេះ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.