កំពង់ធំ៖ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានចាត់ឱ្យលោកជំទាវ លំ គន្ធារី អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម ជា វ៉ាន់ចាន់ លេខាធិការគណៈកម្មាធិការសាខា និងសហការី ចុះជួបសំណេះសំណាល និងពាំនាំនូវការសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ រួមជាមួយអំណោយមនុស្សធម៌មួយចំនួនចែកជូនដល់ ស្ត្រីមានកូនតូចតាមម្តាយ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ ជនពិការ  ជំងឺផ្លូវចិត្ត និងអ្នកគ្មានគ្រួសារមកសួរសុខទុកសរុបចំនួន៣៣នាក់ ស្រី០២នាក់ នៅពន្ធនាគារខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់ឆាប់ៗខាងមុខនេះ នៅថ្ងៃព្រឹកទី១០ ខែមេសា ឆ្នាំ២០២៤។

លោកជំទាវ លំ គន្ធារី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ការគិតគូរ និងក្តីអាណិតស្រឡាញ់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះបងប្អូន ក្មួយៗទាំងអស់ នៅពន្ធនាគារខេត្តកំពង់ធំ ការចុះសួរសុខទុក្ខនាថ្ងៃនេះ ក្នុងនាមជាអ្នកម្តាយមួយរូប ដែលផ្តោតលើការអប់រំផ្លូវចិត្តរបស់បងប្អូនក្មួយៗទាំងអស់។ ជាពិសេសស្ត្រី និងកុមារ ដែលជាមុខសញ្ញាអាទិភាព សមស្របទៅនឹងគោរពងាររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ។

លោកជំទាវបានបន្តទៀតថា បន្ទុករបស់រាជរដ្ឋាភិបាល និងមន្ត្រីមានសមត្ថកិច្ច បានយកចិត្តទុកដាក់ផ្តល់កន្លែងស្នាក់នៅ ការហូបចុក និងការអប់រំកែប្រែ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញ និងបំណិនជីវិត ដើម្បីមានសមត្ថភាពប្រកបរបរចិញ្ចឹមជីវិតវិញបានដោយសុច្ចរិត បន្ទាប់ពីមានសិរីភាពឡើងវិញ ក្រោមម្លប់នៃសុខសន្តិភាព។ នៅពន្ធនាគារខេត្តកំពង់ធំមាន៦៥% ដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀន គឺគ្រឿងញៀនជាអ្នកបំផ្លាញយើងទាំងអស់គ្នា បំផ្លាញក្រុមគ្រួសារ ញាតិមិត្ត និងសង្គមជាតិយើង, ហេតុដូចនេះ យើងទាំងអស់គ្នាត្រូវជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

 ក្នុងនាមឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ប្រធានពន្ធនាគារខេត្តកំពង់ធំ និងមន្ត្រីពន្ធនាគារទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តល់ក្តីអាណិត ស្រឡាញ់ ការលើកទឹកចិត្ត និងអំណោយជូនដល់បងប្អូនជាប់ឃុំ ដល់ស្ត្រីមានកូនតូចតាមម្តាយ ចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ អ្នកពិការ  ជំងឺផ្លូវចិត្ត នៅពន្ធនាគារខេត្តកំពង់ធំ មកសំណេះសំណាលសួរសុខទុក្ខដល់ពួកគាត់ និងផ្ដល់អំណោយមនុស្សធម៌ ដើម្បីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។ 

បញ្ជាក់រថា អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ប្រគល់ជូនដល់គ្រួសារ៣៣គ្រួសារ ក្នុង០១គ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម មី០១កេស ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ ត្រីខ០១យួរ និងឃីត០១កញ្ចប់ នឹងថវិកា៤០,០០០រៀល។ ចំណែអង្គភាពពន្ធនាគារ ទទួលបាន÷ អង្ករ១០០គីឡូក្រាម ទឹកត្រី០៤យួរ ទឹកស៊ីអីវ០៤យួរ ត្រីខ០៤យួរ និងថវិកា១,០០០,០០០រៀល៕

អត្ថបទ៖កំពង់ធំ

Share.