បាត់ដំបង៖ ករណីជនមិនស្គាល់មុខបាញ់រះជិត ១០គ្រាប់សំដៅលើលំនៅដ្ឋានប្រជាពលរដ្ឋក្នុងក្រុងបាត់ដំបងសមត្ថកិច្ចឃាត់នាំខ្លួន ៣នាក់បញ្ជូនទៅតុលាការ។

នគរបាលស្នងការខេត្តបាត់ដំបងបានបង្ហាញឲ្យដឹងថា រយ:ពេលស្រាវជ្រាវជាង ១០ថ្ងៃកន្លងមកនេះកម្លាំងជំនាញបានវែកមុខជនបង្កដែលបាញ់រះដោយខុសច្បាប់ចំនួន ៣នាក់ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ( មិនបានសម្រេច ) ប្រព្រឹត្តិទៅកាលពីយប់ថ្ងៃទី ២៨ ឈានចូលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤ ត្រង់ចំណុចភូមិសុភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនបង្កទាំង ៣នាក់មានឈ្មោះសុខ ប៊ុនធឿន ភេទប្រុស អាយុ ២៤ ឆ្នាំ មានទីលំនៅ ភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ជាអ្នកធ្វើសកម្មភាពផ្ទាល់, ឈ្មោះទួន ហាក់ហួត ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាអ្នកផ្សំគំនិត និងឈ្មោះឡៅ ផេងអាន ភេទប្រុ ស អាយុ ៣៥ ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ជាអ្នកកាន់កាប់គ្រប់គ្រងអាវុធដោយខុសច្បាប់ ចំណែកឯជនរងគ្រោះឈ្មោះ កែវ ឌាំង ភេទប្រុស អាយុ ៤០ ឆ្នាំ។ តាមចម្លើយសារភាពរបស់ជនសង្ស័យបញ្ជាក់ថា ការសម្រេចចិត្តបាញ់រះសំដៅលើលំនៅដ្ឋានរបស់ជនរងគ្រោះនេះដោយសាររឿងគំនុំ។

វត្ថុតាងដែលកម្លាំងបង្ក្រាបដកហូតបានរួមមាន រថយន្តមួយគ្រឿង និងអាវុធខ្លីចំនួន ០២ ដើមផងដែរ។

ក្រោយការសាកសួរ និងប្រមូលវត្ថុតាងរួច នៅថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២៤ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាងទៅកាន់សាលាដំបូងខេត្តបាត់ ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ដំបងក្រញូង

Share.