ភ្នំពេញ ៖ បុរសម្នាក់ ប្រពន្ធទើបសម្រាលកូនបាន១០ថ្ងៃ ស្របពេលដែលឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សុំទៅផឹកនៅផ្ទះបងប្អូន សប្បាយលេងម្តង បាត់មួយយប់មិនឃើញទៅផ្ទះ ស្រាប់តែព្រឹកឡើងប្រទះឃើញចងកស្លាប់បាត់នៅដើមឈើ លើទីទួលវាលស្រែ ក្នុងភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាតរៀង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។

សពបុរសខាងលើមានឈ្មោះ យឹម សារាប អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានប្រពន្ធឈ្មោះ វ៉ាត ឡាត អាយុ២២ឆ្នាំ មុខរបរកម្មការនីរោងចក្រ ទើបសម្រាលកូនបាន១០ថ្ងៃ មានទីលំនៅភូមិត្រពាំងផ្លាំង ឃុំព្រែកតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

បើតាមក្រុមគ្រួសារបានឱ្យដឹងថា បុរសខាងលើ និងប្រពន្ធ មិនដែលមានទំនាស់អ្វីនឹងគ្នាទេ ហើយប្រពន្ធទើបសម្រាលកូនបាន១០ថ្ងៃ ខាងប្តីក៏មិនមែនជាអ្នកដើរដឹកសុី ប្រចាំអ្វីដែរ ទើបតែថ្ងៃចូលឆ្នាំខ្មែរនេះទេ សុំប្រពន្ធ ប្រាប់ម្តាយ ទៅចូលរួមផឹកសុី លេងនៅផ្ទះបងប្អូន យប់ទី១ ស្រវឹងដើរទៅផ្ទះវិញ លុះយប់ទី២ មិនឃើញវិលទៅផ្ទះ បែជាមកចងកសម្លាប់ខ្លួនទៅវិញ ។

បើតាមអ្នកស្រុកបានឱ្យដឹងថា បុរសខាងលើមិនដែលឃើញដើរផឹកសុីទេ ទើបតែក្នុងថ្ងៃចូលឆ្នាំនេះ សុំប្រពន្ធ ម្តាយក្មេក ទៅផឹកសុីនៅផ្ទះបងប្អូន ក្នុងភូមិកើតហេតុ មិនដឹងថាគិត យល់ឃើញរឿងអ្វី មិនវិលទៅផ្ទះ បែជាសម្រេចចិត្តទៅចងកសម្លាប់ខ្លួនទៅវិញ ។

តាមសមត្ថកិច្ច គ្រូពេទ្យ ក្រោយពីពិនិត្យកោសល្យវិច័យ ឃើញថា ជនរងគ្រោះចងកនឹងដើមឈើ លើកទី១ ដាច់ខ្សែចំណង ហើយចងកលើកទី២ បណ្តាលឱ្យស្លាប់ ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.