ភ្នំពេញ ៖ បុរសម្នាក់ជាគ្រូបង្រៀនសាលាឯកជន ជិះម៉ូតូលឿនលឿនជ្រុលទៅបុកនាគបង្កាន់ដៃស្ពានព្រែកជ្រៃ បោកបាក់កស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នៅស្ពានព្រែកជ្រៃ តាមផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ទោះ វណ្ណថា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរគ្រូបង្រៀនសាលាឯកជន មានទីលំនៅភូមិត្បែង ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1L-3015 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ពីត្បូងទៅជើងល្បឿនលឿន ដល់ចំណុចកើតហេតុជ្រុលបុកនាគបង្កាន់ដៃស្ពាន បណ្តាលឱ្យបោកបាក់កស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអសន្ននៅផ្នែកជំនាញខណ្ឌ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.