ភ្នំពេញ ៖ យុវជន២នាក់ និងយុវតីម្នាក់ ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ឌុបគ្នាទើបវិលត្រឡប់មកពីដើរលេង បោះពួយលឿន បែកកង់ក្រោយ រេចង្កូតជ្រុលទៅបុករនាំងដែក ដួលផ្លោងរងរបួសធ្ងន់ បាក់ជើងឆ្វេងទាំង៣នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ចូលថ្ងៃ១៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ ទី១ ឈ្មោះចន វាសនា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JJ-4034 ។ ទី២ ឈ្មោះ អាត អេម ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានស្រុកកំណើតនៅភូមិព្រៃត្រឡាច ឃុំព្រែត្រឡាច ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។ ទី៣ ឈ្មោះ រិទ្ធ រក្សា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ ជនរងគ្រោះទាំង៣នាក់ រងរបួសធ្ងន់ បាក់ជើងឆ្វេងដូចគ្នាទាំងអស់ ។

តាមសម្រីជនរងគ្រោះ បានឱ្យដឹងថា មុនកើតហេតុ ទើបវិលត្រឡប់មកពីដើរលេង ក្នុងរាជធានីភ្នំពេញ ជិះម៉ូតូឌុបគ្នាឆ្ពោះទៅផ្ទះ តាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ម៉ូតូបានផ្ទុះបែកកង់ក្រោយ រេជ្រុលបុករនាំងដែកតែម្តង ។

តាមសមត្ថកិច្ចបានឱ្យដឹងថា អំឡុងពេលកើតហេតុ មានតែម៉ូតូរបស់ជនរងគ្រោះតែមួយគ្រឿង ជិះឌុបគ្នាលឿន បែកកង់ក្រោយរេជ្រុលបុករនាំងដែក ផ្លោងហោះជនរងគ្រោះទាំង៣នាក់ចេញពីម៉ូតូ របួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះទាំង៣នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ សមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.