ភ្នំពេញ ៖ បុរសម្នាក់ចូលដេកសម្រាកក្នុងបន្ទប់ ពេញមួយយប់ហើយមួយព្រឹកទៀត មិនឃើញងើបសោះ រហូតដល់កូនស្រីទៅដាស់ហៅហូបបាយ មិនសូរឆ្លើយ សម្រេចនាំគ្នាគាស់បង្អូចបើកមើល ប្រទះឃើញស្លាប់រឹងស្តូក មិនដឹងតាំងពីពេលណា មិនអស់ចិត្តហៅក្រុមសង្គ្រោះឱ្យជួយ ពិនិត្យជាក់ស្តែង ស្លាប់បាត់ទៅហើយ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅបន្ទប់ជួលលេខ១១ ផ្លូវបេតុង ក្រុម៤ មុខសាលាគោកបញ្ជាន់ ក្នុងភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សពមានឈ្មោះ ឈឹម បូរ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានប្រពន្ធឈ្មោះ ហ៊ួន សុខន អាយុ៤៨ឆ្នាំ មុខរបរកសិករ មានកូនស្រី២នាក់ មានស្រុកកំណើតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ។

តាមការបំភ្លឺពីកូនស្រី បានឱ្យដឹងថា ឪពុករបស់គាត់ស្នាក់នៅបន្ទប់មួយម្នាក់ឯង ចំណែកកូនៗ ក្មួយ ស្នាក់នៅបន្ទប់ជួល ផ្សេង តែនៅក្បែរគ្នា ។

ប្រភពបន្តទៀតថា កាលពីព្រលប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ឪពុករបស់គាត់ ក្រោយហូបបាយជុំគ្នារួចបានចូលដេកសម្រាកក្នុងបន្ទប់ដូចសព្វដង រហូតដល់ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ មិនឃើញឪពុកភ្ញាក់ ងើប ចេញពីបន្ទប់ ក៏មិនហ៊ានដាស់ដែរ គិតស្មានថាគាត់អស់កម្លាំង ទុកឱ្យគាត់សម្រាកសិនចុះ លុះរហូតដល់វេលាម៉ោង១១ព្រឹកថ្ងៃដដែលនេះ ដល់ម៉ោងហូបបាយទៅហើយ នៅតែមិនឃើញក្រោក ភ្ញាក់ទៀត គោលបំណងហៅដាស់ហូបបាយ តែមិនឆ្លើយ ទ្វារដាក់គន្លឹះពីក្នុងជាប់ ទើបបងប្អូន កូន ក្មួយ នាំគ្នាគាស់បើកបង្អួច លូកដៃកេះដាស់ រឹងស្តូក ទើបផ្អើលឆោឡោ បើកទ្វារចូល ទើបដឹងថាស្លាប់បាត់ទៅហើយ ដោយមិនអស់ចិត្ត ហៅក្រុមសង្គ្រោះរបស់អង្គភាព៧១១ ឱ្យជួយពិនិត្យមើល ជាក់ស្តែងជនរងគ្រោះបានស្លាប់បាត់ទៅហើយ តាមកាសន្និដ្ឋាន ខ្យល់គស្លាប់តាំងពីយប់មកម្ល៉េះ ។

សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ស្នងការរាជធានីភ្នំពេញ ទៅធ្វើការពិនិត្យ កោសល្យវិច័យ ស្លាប់ដោយខ្យល់គ រួចប្រគល់សពជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.