ហ្សេរុយសាឡឹម៖ ប្រមុខយោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃចន្ទ ថា ប្រទេសរបស់លោកនឹងឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់នៅចុងសប្តាហ៍មុន ប៉ុន្តែលោកមិនបានលម្អិតថា តើនឹងឆ្លើយតបវិញនៅពេលណា និងរបៀបណានោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP News នាថ្ងៃអង្គារ ទី១៦ ខែមេសា ឆ្នាំ២០២៤។

ការអះអាងរបស់ភាគីអ៉ីស្រាអែល កើតឡើងចំពេលមានការអំពាវនាវឱ្យអត់ធ្មត់ពីសំណាក់សម្ព័ន្ធមិត្ត ដើម្បីបញ្ជៀសជម្លោះនៅតំបន់មជ្ឈិមបូព៌ា។ ការវាយប្រហាររបស់អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានកើតឡើងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល ដែលសង្ស័យកាលពីពីរសប្តាហ៍មុនទៅលើអគារកុងស៊ុលអ៊ីរ៉ង់ក្នុងរដ្ឋធានីដាម៉ាស របស់ប្រទេសស៊ីរី ដែលបានសម្លាប់ឧត្តមសេនីយ៍អ៊ីរ៉ង់ ចំនួន ២នាក់។

អ៊ីរ៉ង់​បាន​បាញ់​បង្ហោះ​យន្តហោះ​គ្មាន​មនុស្ស​បើក​រាប់រយ​គ្រឿង មីស៉ីលផ្លោង នៅ​អ៊ីស្រាអែល​ក្នុង​ការ​វាយប្រហារ​ ដើម្បីសងសឹកនឹងការសម្លាប់កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ និងការវាយប្រហារលើស្ថានកុងស៊ុល នៃស្ថានទូតអ៉ីរ៉ង់ ប្រចាំប្រទេសស៊ីរី។

យ៉ាងណាម៉ិញ យោធាអ៊ីស្រាអែលបាននិយាយថា ៩៩% នៃយន្តហោះគ្មានមនុស្សបើក និងកាំជ្រួចត្រូវបានស្ទាក់ចាប់ ដោយប្រព័ន្ធការពារដែនអាកាស និងយន្តហោះចម្បាំងរបស់អ៊ីស្រាអែល និងដោយមានការសម្របសម្រួលជាមួយសម្ព័ន្ធដៃគូដែលដឹកនាំដោយសហរដ្ឋអាមេរិក។

ទាក់ទិននឹងបញ្ហានេះ មេបញ្ជាការយោធាអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក Herzi Halevi បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលកំពុងពិចារណាលើជំហានបន្ទាប់របស់ខ្លួន ប៉ុន្តែថាការវាយប្រហាររបស់អ៊ីរ៉ង់ «នឹងត្រូវបានឆ្លើយតបជាមួយនឹងអ្វីដែលយើងបានជួប»។ យ៉ាងណា លោក Halevi មិនបានផ្តល់ព័ត៌មានលម្អិតទេ។

សូមជម្រាបថា នេះ​ជា​លើក​ដំបូង​ដែល​អ៊ីរ៉ង់​ បើក​ការ​វាយ​ប្រហារ​យោធា​ដោយ​ផ្ទាល់​លើ​អ៊ីស្រាអែល បើ​ទោះ​បី​ជា​មាន​សត្រូវ​រាប់​ទស្សវត្សរ៍​ចាប់​តាំង​ពី​បដិវត្តន៍​អ៊ីស្លាម​ឆ្នាំ១៩៧៩ របស់​ប្រទេស​នេះក៏ដោយ៕

ប្រភព៖ AP News

Share.