ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលពោះធំគ្រប់ខែទៅហើយ មានអាការៈចុកសៀតពោះ ដើរវិលទៅផ្ទះ មិនទាន់ដល់ផងឈឺពោះសម្រាលកូនតាមផ្លូវ ផ្អើលក្រុមអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ទៅជួយអន្តរាគមន៍ កើតបានកូនប្រុសម្នាក់ កាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅលើផ្លូវល្បឿនលឿន ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីខាងលើមានឈ្មោះ ពូន សៀកមុី អាយុ២៨ឆ្នាំ ជាស្ត្រីម៉េម៉ាយ ស្ថានភាពជីវភាពក្រីក្រ រស់នៅភូមិស្នួលខ្ពស់ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា ស្ត្រីខាងលើ ក្រោយពីប្តីរត់ចោល រស់នៅតែលតោលម្នាក់ឯង ក្នុងស្ថានភាពក្រីក្រ ដើរសុីឈ្នួលគេ ខណៈដែលមានផ្ទៃពោះគ្រប់ខែទៅហើយ បន្ទាប់ពីកើតមានអាការៈចុកសៀតពោះ បានដើរចេញពីវត្តត្រពាំងឈូក ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ធ្វើដំណើរថ្មើរជើង ដើរឡើងតាមផ្លូវល្បឿនលឿន គោលបំណងទៅផ្ទះ ដល់ចំណុចភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ឈឺពោះឆ្លងទន្លេ តែម្តង ។

បន្ទាប់ពីប្រទះឃើញស្ត្រីខាងលើ ឈឺពោះឆ្លងទន្លេតាមផ្លូវ ចំណុចដើមផ្លូវល្បឿនលឿន ត្រូវបានក្រុមអន្តរាគមន៍របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ជួយនាំយកទៅសំចតកៀនខាង ជៀសវាងគ្រោះថ្នាក់ ហើយហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ឱ្យជួយអន្តរាគមន៍ កើតបានកូនប្រុសម្នាក់ ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដើម្បីជួយពិនិត្យ តាមដានសុខភាព ទាំងម្តាយ ទាំទារក បន្តទៀត ។

ដោយមើលឃើញការលំបាក ស្ត្រីខាងលើមានសម្លៀកបំពាក់មួយចង្កេះជាប់ខ្លួន តែលតោលម្នាក់ឯង ជួបការខ្វះខាត ត្រូវបានលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ជួយជាថវិកាចំនួន៤០មុឺនរៀល សម្ភារៈប្រើប្រាស់ សម្លៀកបំពាក់ សម្រាប់ម្តាយនិងទារក មួយចំនួន, ក្រុមសង្គ្រោះរបស់អង្គភាព៧១១ ,ក្រុមគ្រូពេទ្យ បង្អែកពោធិ៍ចិនតុង ,បុគ្គលិកក្រុមហ៊ុនផ្លូវល្បឿនលឿន ជួយជាថវិកា សម្លៀកបំពាក់មួយចំនួន គ្រាន់ដោះទ័លមួយគ្រាសិន ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.