បាត់ដំបង÷ ខេត្តបាត់ដំបងទទួលភ្ញៀវទេសចរជាតិ អន្តរជាតិជាងមួយលាននាក់មកកម្សាន្តសប្បាយក្មុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំ ២០២៤នេះ។

លោក អ៊ុច អ៊ុភីនីហ្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានប្រាប់ឲ្យដឹងត្រឹមម៉ោង ៩:០០នាទីយប់ថ្ងៃទី ១៦ ខែមេសានេះថា÷ ឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយ:ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៤នេះខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរទាំងភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ១,០៧៣,៧៣៤នាក់ ប្រហាក់ប្រហែលនឹងឆ្នាំចាស់ឆ្នាំ២០២៣។

មន្ត្រីមន្ទីរជំនាញខាងលើបញ្ជាក់បន្តថា÷ ក្នុងចំណោមភ្ញៀវទេសចរដែលមានចំនួនជាង ១លាននាក់ មានភ្ញៀវទេសចរជាតិចំនួន ១,០៧១,៥៥៥នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន ២,០៩១នាក់។

រមណីយដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗជាតំបន់លំហែរក្នុងភូមិសាស្ត្រខេត្តបាត់ដំបងរួមមាន÷ រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដាចំការទុរេន, រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, រមណីយដ្ឋានចំការធុរេនអូរតង, ស្ទឹងថ្វាក, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង, និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕

អត្ថបទ៖ ដំបងក្រញូង

Share.