ភ្នំពេញ៖ អំឡុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ អគ្គិភ័យបានកើតឡើងចំនួន២២ករណី ក្នុងនោះបានឆាបឆេះបំផ្លាញផ្ទះពលរដ្ឋ១៦ខ្នង ឃ្លាំង២ក្នលែង ​កាស៉ីណូ០១កន្លែង និងចម្ការមួយកន្លែង។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងនាថ្ងៃទី១៧​ខែមេសា ឆ្នាំ២០២៤នេះ ។

លោក ទូច សុឃៈ បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ករណីគ្រោះអគ្គិភ័យកើតឡើងទូទាំងប្រទេស មានចំនួន២២ករណី ហើយក្នុងនោះគឺឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដប់ប្រាំមួយខ្នង ឃ្លាំងចំនួន០២កន្លែង កាស៊ីណូមួយ ចម្ការមួយ និងចាញ់មួយអន្លើ ដោយក្នុងនោះនៅថ្ងៃទី១៣ ត្រូវជាថ្ងៃទីមួយនៃពិធីបុណ្យចូលឆ្នាំ គឺមានគ្រោះអគ្គិភ័យកើតឡើងចំនួនប្រាំមួយករណី ឆេះផ្ទះចំនួនបួនខ្នង ឃ្លាំងចំនួនមួយ ។ ហើយថ្ងៃទីពីរ ត្រូវថ្ងៃទី១៤ ​ខែមេសា ឆ្នាំ២០២៤ មានករណីគ្រោះអគ្គិភ័យកើតឡើងចំនួន០៧ករណី ឆេះផ្ទះចំនួន០៤ ខ្នង រោងមួយ កាស៊ីណូមួយ។ ថ្ងៃទីបីត្រូវថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ គឺកើនឡើងតែចំនួន០៣ករណី ឆេះផ្ទះចំនួនបីខ្នង តែប៉ុណ្ណឹងឯង។ហើយនៅថ្ងៃចុងក្រោយថ្ងៃទីដប់ប្រាំមួយគឺមានករណីអគ្គិភ័យនេះកើតឡើងចំនួនប្រាំមួយករណីហើយឆេះផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋចំនួនប្រាំខ្នង ឃ្លាំងមួយចម្ការមួយ ។

ជុំវិញករណីអគ្គិភ័យនេះផងដែរ លោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា តាមការសង្កេតយើងឃើញថា ទោះបីជាអាកាសធាតុក្តៅខ្លាំងយ៉ាងណាក៏ដោយ ក៏ករណីគ្រោះអគ្គិភ័យកើតឡើងមិនគួរឲ្យកត់សម្គាល់ និងគួរឲ្យព្រួយបារម្ភឡើយ ដោយយើងគ្រប់គ្រងបាន ហើយចំនួននេះគឺមិនច្រើនទេគឺតិចតួចតែប៉ុណ្ណោះ ហើយនេះគឺសរបញ្ជាក់ឲ្យឃើញថា បងប្អូនប្រជាពលរដ្ឋលោកបានស្វែងយល់អំពីការ គ្រប់គ្រងការបង្ការគ្រោះអគ្គិភ័យ ពោលគឺសម្តែងនូវការប្រុងប្រយ័ត្នហើយចូលរួមទប់ស្កាត់ទាំងអស់គ្នាបានយ៉ាងល្អប្រសើរហើយ។ចំណែកឯខាងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ គឺលោកបានពង្រាយនូវកម្លាំងជំនាញមានផែនការមុនហើយអនុវត្តតាមផែនការ នៅពេលដែលគ្រោះអគ្គិភ័យកើតឡើងគឺបានចូលទៅអន្តរាគមន៍បានទាន់ពេលវេលាគួរឲ្យកត់សម្គាល់និងគួរឲ្យកោតសរសើរ ស្មារតីប្រកបដោយការទទួលខុសត្រូវ ។

លោកក៏បានបន្តលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្លាំងពាក់ព័ន្ធ ឱ្យរួមគ្នាបន្តទៀតស្វែងយល់អំពីការបង្ការនូវគ្រោះអគ្គិភ័យ ពីព្រោះអាកាសធាតុក្ដៅគឺនៅតែបន្ត ហើយហានិភ័យផ្សេងផ្សេងៗ វាកើតឡើងចេញពីភ្លើងចង្ក្រាន ធូបទៀន ការប្រើចរន្តអគ្គិសនីផ្សេងផ្សេង គឺយើងនៅតែបន្តប្រុងប្រយ័ត្នហើយ ពិនិត្យមើលឲ្យបានដិតដល់ជានិរន្ត ដើម្បីកាត់បន្ថយ ឬជៀសឱ្យផុតអំពីគ្រោះអគ្គិភ័យកើតឡើងបាន៕

អត្ថបទ៖ សង្គម

Share.