ភ្នំពេញ ៖ យុវជន២នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿងឌុបគ្នាបោះពួយល្បឿនលឿន សង្ស័យងងុយដេក ងោក ទើបជ្រុលទៅបុកឡើងខឿនរង្វង់មូល បោកផ្ទប់នឹងបង្គោលស្លាកសញ្ញាចរាចរណ៍ រងរបួសធ្ងន់ទាំង២នាក់ ម្នាក់បាក់ជើង ម្នាក់បែកមាត់បាក់ធ្មេញ ម៉ូតូបាក់ខ្ទេចមួយកំណាត់មុខ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅចំណុចរង្វង់មូល គល់ស្ពានអាកាសចោមចៅ ផ្លូវ៦០ម៉ែត្រ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ ឡុង កក្កដា ភេទប្រុស អាយុ២២ឆ្នាំ របួសជើង មានទីលំនៅភូមិស្នំក្រពើ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈរ ខេត្តកំពត ជាអ្នកបើកម៉ូតូ ។ ទី២ ឈ្មោះ វុធ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ របួសបែកមាត់ មានទីលំនៅសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង ជាអ្នករួមដំណើរ ។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IN-8805 ធ្វើដំណើរបោះពួយល្បឿនលឿន ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ សង្ស័យងងុយដេក ម៉ូតូទៅបោលទៅត្រង់ បុកឡើងខឿនរង្វង់មូល បោកផ្ទប់បង្គោលស្លាកសញ្ញាចេាចរណ៍ បណ្តាលឱ្យម្នាក់ជាអ្នកបើក រងរបួសបាក់ជើង ម្នាក់ជិះពីក្រោយ ផ្លោងហោះបុកស្លាកសញ្ញា បែកមាត់បាក់ធ្មេញ ម៉ូតូបាក់ខ្ទេចមួយកំណាត់មុខ ។

បើតាមជនរងគ្រោះបានឱ្យដឹងថា ពួកគាត់ធ្វើដំណើរមកពីខេត្តកំពត មកដល់ចំណុចកើតហេតុ ងងុយដេកពេក ងោកមួយភាំង ជ្រុកបុកខឿនរង្វង់មូលតែម្តង ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅតក្សាទុកជូននៅប៉ុស្តិ៍ចោមចៅទី៣ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.