តូក្យូ៖ មនុស្ស ៨នាក់ត្រូវបានរាយការណ៍ថា បានរងរបួសនាថ្ងៃព្រហស្បតិ៍ នេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.៣រ៉ិចទ័របានវាយប្រហារនៅភាគនិរតីនៃប្រទេសជប៉ុន ប៉ុន្តែហាក់ដូចជាមិនបានបង្កការខូចខាតធ្ងន់ធ្ងរ ឬរលកយក្សស៊ូណាមិនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០២៤។

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិកបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីដែលបានវាយប្រហារនៅវេលាម៉ោង ១១:១៤នាទីយប់ (ម៉ោងក្នុងស្រុក) គឺ ស្ថិតនៅចន្លោះកោះ Kyushu និង Shikoku ។

ប្រទេសជប៉ុនជួបប្រទះការរញ្ជួយដីប្រហែល ១,៥០០ដងជារៀងរាល់ឆ្នាំ។ ការរញ្ជួយដីភាគច្រើន គឺ កម្រិតស្រាល ហើយប្រសិនបើធ្ងន់ជាងនេះ ជាធម្មតាបណ្តាលឱ្យខូចខាតបន្ដិចបន្ទួចប៉ុណ្ណោះ។

អាជ្ញាធរបទប្បញ្ញត្តិនុយក្លេអ៊ែររបស់ប្រទេសជប៉ុន បាននិយាយថា «រោងចក្រថាមពល Ikata នៅក្នុងតំបន់នេះកំពុងដំណើរការជាធម្មតា។ មិនមានភាពមិនប្រក្រតីណាមួយត្រូវបានគេរកឃើញនៅរោងចក្រថាមពល Ikata ទេ… ហើយប្រតិបត្តិការកំពុងបន្ត»។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Yoshimasa Hayashi បានបញ្ជាក់ថា មិនមានការព្រមានអំពីរលកយក្សស៊ូណាមិ ឬភាពមិនប្រក្រតីណាមួយដែលត្រូវបានរាយការណ៍នៅរោងចក្រថាមពលនោះទេ ហើយបាននិយាយថា អាជ្ញាធរកំពុងស៊ើបអង្កេតពីអ្វីដែលការខូចខាតផ្សេងទៀតអាចនឹងកើតឡើង។

យ៉ាងណាម៉ិញ មិនមានរបាយការណ៍អំពីការស្លាប់ដែលបង្កឡើងដោយគ្រោះរញ្ជួយដីនេះទេ ប៉ុន្តែរដ្ឋាភិបាលក្នុងតំបន់ និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា មានរបួសស្រាលចំនួន ៨នាក់។

គួររំលឹកថា កាលពីថ្ងៃទី៣ ខែមេសា មានការរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ ដោយបានសម្លាប់មនុស្ស ១៦នាក់ និងរបួសជាង ១,១០០នាក់ផ្សេងទៀត ខណៈប្រទេសជប៉ុន និងហ្វីលីពីន មានការត្រៀមខ្លួនជាស្រេចសម្រាប់គ្រោះមហន្តរាយរលកយក្សស៊ូណាមិ ដែលត្រូវបានចាត់ទុកថា ជាការបញ្ចៀសគ្រោះមហន្តរាយដ៏ធំ ប៉ុន្ដែក្រោយ​មកបានថមថយ។

សូមជម្រាបថា ការរញ្ជួយដីដ៏ធំបំផុតរបស់ប្រទេសជប៉ុន ក្នុងកំណត់ត្រា គឺការរញ្ជួយដីក្រោមបាតសមុទ្រកម្រិត ៩.០រ៉ិចទ័រ កាលពីខែមីនា ឆ្នាំ២០១១ ពីឆ្នេរសមុទ្រភាគឦសានរបស់ខ្លួន ដែលបានបង្កឲ្យមានរលកយក្សស៊ូណាមិ ដែលបានបណ្តាលឱ្យមនុស្សប្រហែល ១៨,៥០០នាក់ស្លាប់ ឬបាត់ខ្លួន។

គ្រោះមហន្តរាយឆ្នាំ២០១១ ក៏បានបញ្ជូនរ៉េអាក់ទ័រចំនួន៣ ចូលទៅក្នុងការរលាយនៅរោងចក្រនុយក្លេអ៊ែរ Fukushima ដែលបណ្តាលឱ្យមានគ្រោះមហន្តរាយក្រោយសង្រ្គាមដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន និងគ្រោះថ្នាក់នុយក្លេអ៊ែរធ្ងន់ធ្ងរបំផុតចាប់តាំងពីគ្រោះមហន្ដរាយ Chernobyl កាលពីឆ្នាំ១៩៨៦៕

ប្រភព៖ CNA

Share.