ភ្នំពេញ÷យុវជនពីរនាក់ជាកម្មករសំណង់ បានបាត់បង់ជីវិតភ្លាមៗ ក្រោយបើកម៉ូតូល្បឿនលឿន ជ្រុលទៅបុក រថយន្ដនីសាន់ បើកបរដោយនារីម្នាក់ នៅចំណុចស្ដុបណតប្រីត។ ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង២:៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ២០០៤កែងផ្លូវណតប្រ៊ីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បើតាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2AV-3394 ធ្វើដំណើរតាមបណ្ដោយផ្លូវណតប្រ៊ីត ក្នុងទិសដៅពីជើងមកត្បូង ដោយល្បឿនលឿន ប្រភពដដែលបានបន្ដទៀតថា លុះធ្វើដំណើរមកដល់ចំណុចស្ដុបណតប្រ៊ីត ជ្រុលទៅបុករថយន្ដមួយគ្រឿង ម៉ាកនីសាន់ពណ៌សរពាក់ស្លាកលេខភ្នំពេញ 2BV-4371 ដែលបើកបរដោយនារីម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចមកកើត បណ្ដាលឱ្យម៉ូតូហោះប្លោងឆ្លងមកផ្លូវម្ខាងទៀត រងការខូចខ្ទិចស្ទើរទាំងស្រុង ចំណែកអ្នកបើកបរនឹងអ្នករួមដំណើរពីក្រោយ បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ឯរថយន្ដរង់ការខូចខាត ខ្ទិចមួយកំណាត់មុខចំហៀងខាងឆ្វេង ឯអ្នកបើកបរជានារី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ប៉ុស្ដអូបែកក្អម។

សពជនរងគ្រោះទាំងពីរនាក់ជាកម្មករសំណង់ទី១ ឈ្មោះ មន ចាន់ថេង អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅឃុំស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង បច្ចុប្បន្នស្នាក់នៅនឹងធ្វើការនៅភ្នំពេញ។ ទី២ ឈ្មោះ តុលា បញ្ញា អាយុ១៧ឆ្នាំ មានស្រុកំណើតនៅឃុំស្វាយជុំរ ស្រុកមេសាង ខេត្តព្រៃវែង។

ក្រោយពីកើតហេតុក៏មានវត្តមានសមត្ថកិច្ច ជំនាញនរគបាលចរាចរណ៍ក្រុងភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែង រួចស្ទូចរថយន្ដនឹងម៉ូតូ យកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។
ចំណែកសពជនរងគ្រោះក្រោយពីធ្វើកំណត់ហេតុរួច បានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត៕

អត្ថបទ៖ តាតុងសែនជ័យ

Share.