ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 នឹង​ចាប់​ផ្ដើម​នៅ​រាជធានីភ្នំពេញ នៅដើមសប្ដាហ៍ក្រោយនេះ បន្ទាប់​ពី​រក​ឃើញ​ក្រុម​ខ្លាំង​ទី១០ នៅ ៥ភូមិភាគរួច​​មក ដើម្បីឡើងមកកាន់ភ្នំពេញ។

សម្រាប់​ការ​ប្រកួត គឺមាន​រយ:​ពេល​ពេញ​មួយ​សប្ដាហ៍ ចាប់​ពី​ថ្ងៃចន្ទ ទី២២ មេសា រហូរ​ដល់ថ្ងៃ អាទិត្យ ទី២៨ មេសា ដែល​វគ្គ​ផ្ដាច់​ព្រ័ត្រ ដើម្បី​រក​ឃើញ​ម្ចាស់​ជើង​ឯក​ នៅ​រដូវ​កាល​ទី១នេះ។ ការ​ប្រកួត​ដែល​មាន​ក្រុម​ខ្លាំងៗ មក​ពី​តាម​បណ្ដាល​ខេត្តជា​ច្រើន​នេះ ក៏​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ។

ក្រុមទាំង១០ ដែលឡើងទៅ​ជុំផ្តាច់ព្រ័ត្រនៃព្រឹត្តិ​ការណ៍ការប្រកួតពា​នរង្វាន់​បាល់​​ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 នៅរាជធានីជធាភ្នំពេញមាន

  • ភូមិភាគ​ទី១ ប្រចាំមណ្ឌលបាត់ដំបង ជ័យលាភីលេខ១៖ ក្លិបកីឡាបាល់ទះបាត់ដំបង លេខ២៖ សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ (B)
  • ភូមិភាគ​ទី២ ប្រចាំមណ្ឌលសៀមរាប ជ័យលាភីលេខ១៖ កងពលធំអន្តរាគម៍លេខ៣ (B) លេខ២៖ ស្នងការដ្ឋាន ន.ប ឧត្ដមានជ័យ
  • ភូមិភាគទី៣ ប្រចាំមណ្ឌលកមពង់ចាម ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកំពង់ចាម
  • ភូមិភាគទី៤ ប្រចាំមណ្ឌលព្រៃវែង ជ័យលាភីលេខ១៖ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B លេខ២៖ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល
  • ភូមិភាគទី៥ ប្រចាំមណ្ឌលព្រះសីហនុ ជ័យលេភីលេខ១ បានលើស្នងការដ្ឋាន ន.ប ខេត្តព្រះសីហនុ លេខ២គឺ ក្លឹបបាល់ទះបុរីឈ្នះឈ្នះ។

ខណ:​ក្រុម​ខ្លាំងចំនួន ៥នៅ​តេជោលីគ កំពុង​ឈរ​ចាំ​មាន ដូច​ជា៖ ក្លិបកីឡាបាល់ទះកងពលធំអន្តរាគមន៍លេខ៣ A, សមាគមកីឡាបាល់ទះវិសាខា A, ក្លិបកីឡាបាល់ទះស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់, ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ A និង សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ A។

ដោយឡែក​សម្រាប់​ការ​ចាប់​ពូល​ប្រកួត សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹង​ធ្វើ​ការ​ជម្រាប់​ជូន​នាពេល​ឆាប់ៗនេះ។ បើមិនមានអ្វីប្រែប្រួលទេ នោះកម្មវិធីប្រកួតជុំផ្តាច់ព្រ័ត្រ នៅ​មណ្ឌល​រាជធានីភ្នំពេញ នឹងចាប់ផ្តើម​ប្រកួតនៅថ្ងៃទី២២ ដល់​ថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៤៕

Share.