កំពង់ស្ពឺ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកលឿនជ្រុលទៅបុកជាមួយម៉ូតូហុងដាឌ្រីមច្រាសទិសគ្នា បណ្តាល ឱ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែង។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវលេខ១៤០ ស្ថិតក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ អាន សុភ័ក្រ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅក្នុងភូមិសារ៉ាម ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-6972 បើកលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បុកគ្នាជាមួយ ម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1X-7783 ជិះដោយជនរងគ្រោះច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅអន្តរាគមន៍ ទំនាក់ទំនងទៅក្រុមគ្រួសារ ដើម្បីទទួលយកសាកសពដឹកទៅធ្វើបុណ្យតាមប្រពៃណី រីឯរថយន្តនិងម៉ូតូ សមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅអធិការដ្ឋានស្រុក កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.