កណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកពញាឮ ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៦នាក់ បន្ទាប់ពីប្រើហិង្សាកាប់វាយទៅលើជនងរងគ្រោះ២នាក់ បណ្តាលឱ្យរបួសធ្ងន់ កាលពីនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ១៨:៤០នាទី ចំណុចកើតហេតុ៖ ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យមានគ្នា ០៦នាក់ ឃាត់ខ្លួនបានម្នាក់ ឈ្មោះ សុខ វិសាល ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឧកញ៉ាប៉ាង ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែក៥នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួន។

តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ រួមនិងមិត្តភក្តិជាច្រើននាក់ ជិះម៉ូតូប្រហែល១០គ្រឿង បាននាំគ្នាជិះម៉ូតូដើរលេង ជះទឹកប៉ាតម្សៅ នៅមាត់បឹងផ្សារដែក ភ្នំព្រះរាជទ្រព្យ ក្នុងពិធីសង្រ្កាន្តបុណ្យចូលឆ្នាំថ្មី នៅតាមដងផ្លូវភ្នំលេខ១៥១ បន្ទាប់មកទៀត នៅវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ រួមនិងមិត្តភក្តិបាននាំគ្នាជិះម៉ូតូត្រលប់ទៅផ្ទះវិញ លុះដល់ចំណុចផ្លូវបេតុងកែងវត្តធម្មត្រ័យ ភូមិធម្មត្រ័យ ឃុំផ្សារដែក ស្រាប់តែមានជនសង្ស័យខាងលើ រួមនិងបក្ខពួក ដែលកំពុងលេងជះទឹកក្បែរចិញ្ចើមផ្លូវ បាននាំគ្នាជិះម៉ូតូ និងរត់ដេញវាយទៅលើក្រុមជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូ និងវាយគ្នាប្រតាយប្រតប់គ្នាទៅវិញទៅមក ខណៈពេលនោះជនសង្ស័យម្នាក់បានជិះម៉ូតូពីក្រោយយកដាវធ្វើសកម្មភាព កាប់ទៅលើជនរងគ្រោះម្នាក់ចំពីលើក្បាល បណ្តាលឱ្យរងរបួស ភ្លាមនោះជនសង្ស័យបានទាញខ្សែក្រវ៉ាត់ ដាវ ដុំថ្ម គប់ កាប់វាយទៅលើក្រុមជនរងគ្រោះ ចំលើភ្លៅម្ខាងទៀតបណ្តាលឱ្យរងរបួស បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យ រួមនិងបក្ខពួកបាននាំគ្នាជិះម៉ូតូគេចខ្លួន ចេញពីកន្លែងកើតហេតុបាត់។ ចំណែកជនរងគ្រោះត្រូវបាន ក្រុមគ្រួសារ និងមិត្តភក្តិនាំគ្នាដឹកទៅព្យាបាលមន្ទីរពេទ្យតែម្តង។

ជនរងគ្រោះទាំង២នាក់ ទី១.ឈ្មោះ ឳ ផលដេវីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចាក់សាំង មានទីលំនៅភូមិវិហារខ្ពស់ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។ ទី២.ឈ្មោះ ឆន ឈុននាថ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនដឹកអាហារ មានទីលំនៅភូមិតាជៀល សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

លុះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ក្រុមគ្រួសាររបស់ជនរងគ្រោះបានដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលផ្សារដែក ក្រោយទទួលបានពាក្យបណ្តឹងកម្លាំងផ្នែកជំនាញ បានសហការជាមួយ កម្លាំង ប៉ុស្តិ៍ផ្សារដែកបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ វិសាល បញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ។

ក្រោយសាកសួរជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាន់ខ្សែក្រវ៉ាត់ និងដុំថ្មគប់ និងវាយទៅលើ ជនរងគ្រោះពិតមែន ចំណែកឯបក្ខពួករបស់ខ្លួន បានកាន់ដាវម្នាក់មួយដើម ធ្វើសកម្មភាពដេញកាប់ទៅលើជនរងគ្រោះ ដោយសារជនរងគ្រោះ និងបក្ខពួកធ្លាប់វាយទៅលើប្អូនៗរបស់ខ្លួន កាលពី០២ខែមុន។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ កណ្តាល

Share.