ភ្នំពេញ៖ កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាឃុំខ្លួនជនត្រូវចោទប្រុសស្រី៤នាក់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ លួច វះកាបូបយកទូរស័ព្ទដៃចំនួន២កាបូប។

កម្លាំងការិយាល័យបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ នៅចំណុចផ្លូវព្រះនរោត្តម សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួច (វះកាបូបលួចយកទូរសព្ទ័ដៃចំនួន ០២ គ្រឿង ម៉ាកអាយហ្វូន៧ផ្លឹស ពណ៌ផ្កាឈូក ចំនួន០១គ្រឿង និងម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចក្នុងផ្សាររាត្រី ផ្លូវព្រះស៊ីសុវត្ថិ ភូមិ៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង២០ និង៤០ នាទី ចាប់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន០២ គ្រឿង បញ្ជូនមកការិយាល័យមកដល់វេលាម៉ោង២២ និង០០ នាទី ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យទី១-ឈ្មោះ ស្រី សំអឿន ហៅ ពីង ភេទ ប្រុស អាយុ៥៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវរថភ្លើង ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ២-ឈ្មោះ រី កាណំ ភេទស្រី អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ផ្ទះជួល ផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ៣-ឈ្មោះ លឿន ស្រីទូច ហៅ ស្រីអូន ភេទ ស្រី អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវរថភ្លើង ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ៤-ឈ្មោះ រី ច្រូចអារុណ ហៅ ប៉ប់ ភេទ ស្រី អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ផ្ទះជួល ផ្លូវរថភ្លើង ភូមិ២១ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តការណ៍កម្លាំងសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ទូរសព្ទ័ដៃម៉ាកអាយហ្វូន៧ផ្លឹស ពណ៌ផ្កាឈូក ០១គ្រឿង (ប្រគល់ជនរងគ្រោះវិញ) ទូរសព្ទ័ដៃម៉ាកវីវ៉ូ ពណ៌ខៀវ ចំនួន០១ គ្រឿង សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់៕

អត្ថបទ៖កណ្តាល

Share.