ប្រេស៊ីល៖ ប៉ូលីសប្រេស៊ីល បានចាប់ខ្លួនស្ត្រីម្នាក់ ដែលព្យាយាមរុញអ្នកស្លាប់តាមរទេះរុញមកចុះហត្ថលេខា ដើម្បីខ្ចីប្រាក់ពីធនាគារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា​ ឆ្នាំ២០២៤។

បុគ្គលិកនៅធនាគារ Rio de Janeiro បានហៅសេវាសង្គ្រោះបន្ទាន់ កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការសង្ស័យ នៅពេលដែលស្រ្តីម្នាក់ឈ្មោះ Erika Vieira Nunes បានរុញសពបុរសអាយុ ៦៨ឆ្នាំ ចូលទៅក្នុងធនាគារ ហើយស្នើសុំប្រាក់កម្ចីដោយប្រើឈ្មោះសពបុរសខាងលើ។

ប៉ូលីសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលបុគ្គលិកសង្គ្រោះបន្ទាន់មកដល់ ពួកគេបានឃើញថា បុរសនោះបានស្លាប់បាត់ទៅហើយ សាកសព​របស់​បុរសខាងលើ ​ត្រូវ​បាន​គេ​យក​ទៅ​តម្កល់​ទុក​នៅ​ទី​បញ្ចុះសព។

សារព័ត៌មានប្រេស៊ីល រាយការណ៍ថា ស្រ្តីឈ្មោះ Nunes បានអះអាងថា ជាក្មួយស្រីរបស់សពបុរសនោះ ហើយបានស្វែងរកប្រាក់កម្ចីចំនួន ១៧,០០០Reais (ប្រហែល ៣,២៥០ដុល្លារអាមេរិក) ដោយយកឈ្មោះរបស់អ្នកស្លាប់ មកធ្វើការកម្ចី។

ប្រធានស៊ើបអង្កេតក្នុងស្រុក Fabio Luiz បានប្រាប់គេហទំព័រព័ត៌មាន G1 ថា «នាងបានព្យាយាមបន្លំធ្វើឱ្យវាមើលទៅ ដូចជាសពខាងលើនៅរស់រានមានជីវិតហើយកំពុងស្មគ្រចិត្តចុះហត្ថលេខាលើឯកសារកម្ចី។ ប៉ុន្តែ​យ៉ាងណា បុរសនោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ ​នៅ​ពេលស្រ្តីនោះអូស​គាត់​ចូល​ទៅ​ក្នុង​ធនាគារ»។

ជុំវិញបញ្ហានេះ មេធាវីរបស់ស្រ្តីឈ្មោះ Nunes បានប្រកែកថា «បុរសនោះបានស្លាប់នៅធនាគារ ប៉ុន្តែការវិភាគកោសល្យវិច្ច័យរបស់ប៉ូលីស បានកំណត់ថា បុរសនោះបានស្លាប់មុននេះ ពេលកំពុងដេក»។

យ៉ាងណាម៉ិញ ប៉ូលីសសម្រាប់តំបន់ Bangu នៅភាគខាងលិចនៃទីក្រុង Rio បានចាប់ខ្លួននាងពីបទប៉ុនប៉ងលួចដោយការក្លែងបន្លំ និងបង្ខូចឈ្មោះសាកសព៕

ប្រភព៖ CNA

Share.