ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៤ ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានបើកសវនាការលើស្រ្តី ម្នាក់ករណី វាយសម្លាប់ប្ដីនៅខេត្តតាកែវ បន្ទាប់ពីតំណាងអយ្យការប្ដឹងនិងសេចក្ដីសម្រេចទាំងស្រុងរបស់តុលាការថ្នាក់ក្រោម សាលាដំបូងខេត្តតាកែវ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ១ឆ្នាំ។


   
ជនជាប់ចោទមានឈ្មោះ នុត ម៉ៅ ភេទស្រីអាយុ៥៣ឆ្នាំ មុខរបរកសិករ រស់នៅភូមិលាក់រទេះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ មានកូនប្រុស ស្រី៦នាក់ ក្នុងបន្ទុក ចំណែកជនរងគ្រោះប្ដី(ស្លាប់)មានឈ្មោះ ឌឿន តារា ភេទប្រុសអាយុ៥៨ឆ្នាំ ត្រូវប្រពន្ធវាយនិងរនូតគ្រែស្លាប់ កាលពីថ្ងៃទី ២៣ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៧ល្ងាច។

លោក លី សុខលេង ជាចៅក្រមបានបញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍លើកយករឿងក្ដីនេះមកជំនុំជម្រះដោយសាតែតំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានប្ដឹងចំពោះសេចក្ដីសម្រេចទាំងស្រុងរបស់ចៅក្រមសាលាដំបូងខេត្តតាកែវ ព្រោះសាលាដំបូងខេត្តតាកែវបានប្ដូបទចោទលើជនដៃដល់ពីបទឃាតកម្ម មកជាបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយមរណៈភាពនៃជនរងគ្រោះ ហើយផ្ដន្ទាទោសជនជាប់ចោទដាក់ពន្ធនាគារតែ១ឆ្នាំប៉ុណ្ណោះ ។

សូមបញ្ជាក់ថា នៅចំពោះមុខអង្គសវនាការសាលាឧទ្ធរណ៍ជនជាប់ចោទបានសារភាពថា ៖ គាត់និងប្ដីបានរៀបការបាន២៩ឆ្នាំ ហើយមានកូន៦នាក់ ហើយចាប់ពីឆ្នាំ២០១២មក ប្ដីគាត់ស្រាប់តែចេះ ប្រចណ្ឌ រករឿងវាយគាត់ព្រឹកល្ងាចមិនស្វាង រហូតដល់ថ្ងៃកើតហេតុគាត់បានវាយកូនពៅប៉ុន្មានរំពាត់ ព្រោះដើរលេងមិនចូលផ្ទះ ពេលនោះស្រាប់តែប្ដីគាត់បានយកដំបង រនូតគ្រែមាន ដំដែកគោលមកវាយគាត់ត្រូវក្បាលមុតហូរឈាមស្រោចពេញខ្លួន ទើបមានការប្រតាយប្រតប់គ្នាហើយគាត់បានដណ្ដើមយកដំបងនោះបានក៏វាយប្ដីវិញប្រហែល៥.៦ ដំបង ត្រូវក្បាល ដៃ ជើង ខ្លួន ហើយស្លាប់ពេលដឹកទៅមន្ទីរពេទ្យ។
   
ជនជាប់ចោទបាននិយាយទៀតថា គាត់មិនមានចេតនាសម្លាប់ប្ដីទេ តែវាយជ្រុលដៃប៉ុណ្ណោះ និងសូមតុលាការកាត់ទោសគាត់ដាក់ពន្ធនាគារ១ឆ្នាំ ដូចតុលាការខេត្តតាកែវ ដែរចុះ ព្រោះកូនៗគាត់មិនមានអ្នកមើលថែទេ ។ ប្រធានក្រុមប្រឹក្សាសាលាឧទ្ធរណ៍កំណត់យកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៨ព្រឹក ដើម្បីប្រកាសសាលដីកា ៕

អត្ថបទ៖ ចតុមុខ

Share.