ព្រះវិហារ ៖ ផ្ទះចំនួន២ខ្នងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ចំណែក៣ខ្នងទៀត រងខូចខាតផ្នែកខ្លះ របួសមនុស្ស៥នាក់ ដោយសារផ្ទុះធុងហ្គាស ឆាបឆេះដល់ផ្ទះ កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ផ្ទះរបស់ឈ្មោះ រិន សំបូរ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ ស្តុក បញ្ចូល លក់ហ្គាស ហើយខណៈដែលកំពុងបញ្ចូលហ្គាស ស្របពេលដែលអាកាសធាតុកំពុងឡើងកម្តៅ ស្រាប់តែផ្ទុះធុងហ្គាស បង្កជាអគ្គិភ័យឆាបឆេះរាល កាន់តែសន្ធោសន្ធៅឡើង រាលពីមួយខ្នងទៅមួយខ្នង សរុប៥ខ្នង ក្នុងនោះ២ខ្នងរងខូចខាតទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ចំណែក៣ខ្នងទៀត រងខូចខាតផ្នែកខ្លះ ហើយក៏បណ្តាលឱ្យមនុស្សចំនួន៥នាក់ របួសរលាកភ្លើងស្រាល ។

សមត្ថកិច្ចបន្តទៀតថា ហេតុការណ៍ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ច អាជ្ញាធរ រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ចេញទៅអន្តរាគមន៍ រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែលទើបភ្លើងរលត់ ដោយប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.