ភ្នំពេញ ៖ ស្ត្រីម្នាក់ខណៈដែលដើរចេញពីមន្ទីរពេទ្យ ឆ្លងផ្លូវទៅផ្ទះ ត្រូវបានម៉ូតូនិចជិះដោយបុរសម្នាក់លឿនជ្រុលបុកពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់ បែកមុខ បាក់ដៃឆ្វេង ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៤និង២៥នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះមានឈ្មោះ ឡេង អ៊ុក អាយុ៥៥ឆ្នាំ មុខរបរ បុគ្គលិកបម្រើការងារនៅពេទ្យឥណ្ឌា ស្នាក់នៅផ្ទះជួលភូមិស្រែកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះដើរចេញពីពេទ្យឥណ្ឌា ឆ្លងផ្លូវពីលិចទៅកើត បំណងទៅផ្ទះ ស្រាប់តែម៉ូតូម៉ាកនិច មួយគ្រឿងជិះដោយបុរសម្នាក់ល្បឿនលឿនពីត្បូងទៅជើងជ្រុលបុកពេញទំហឹង បណ្តាលឱ្យស្ត្រី អ្នកថ្មើរជើងរងរបួសធ្ងន់ បែកមុខ បាក់ដៃឆ្វេង ចំណែកខាងម៉ូតូរងរបួសស្រាល ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបាន រថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត តាមការស្នើសុំពីខាងពេទ្យឥណ្ឌា ។ ចំណែកម៉ូតូ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.