ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានប្អូនប្រុសជីដូនមួយ សង្ស័យញៀនថ្នាំ ប្រដាប់ដោយកាំបិតចុងស្រួច ចាក់សម្លាប់ដេកដួលក្នុងថ្លុកឈាម រួចអារកខ្លួនឯងជាក្រោយ តែមិនស្លាប់ រងរបួសធ្ងន់ធ្ងរ ផ្អើលពលរដ្ឋអ្នកក្បែរខាង រាយការណ៍ទៅសមត្ថកិច្ច ។

ហេតុការណ៍ឃាតកម្មខាងលើកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នៅផ្ទះលេខ៣៣ ផ្លូវបេតុងលេខ៣៦ បុរីពិភពថ្មី ឈូកវ៉ា២ ក្នុងភូមិតឹក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីរងគ្រោះ មានឈ្មោះ មាស លក្ខិណា ហៅស្រីល័ក្ខ អាយុ៣៣ឆ្នាំ មានកូនប្រុស២នាក់ មានប្តីជាជនជាតិចិន រស់នៅផ្ទះកើតហេតុ ។ ចំណែកជនដៃដល់ គ្រាន់តែដឹងថាឈ្មោះ ដែន ភេទប្រុស អាយុ២៨ឆ្នាំ ពលករនៅប្រទេសថៃ ប្រើប្រាស់គ្រឿងញៀន ជាប្អូនប្រុសជីដូនមួយនឹងស្ត្រីរងគ្រោះ មានទីលំនៅឯខេត្តកំពង់ចាម ។

បើតាមកូនប្រុសរបស់ស្ត្រីរងគ្រោះ បានឱ្យដឹងថា ជនសង្ស័យត្រូវជាប្អូនប្រុសជីដូនមួយជាមួយម្តាយរបស់គាត់ ដោយកន្លងមកគាត់មិនដែលឃើញមកលេងទេ ទើបតែលើកនេះ មកលេងក៏កើតបញ្ហាតែម្តង ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា ប្តីរបស់ជនរងគ្រោះ មិនបាននៅផ្ទះទេ ជាប់រវល់ចេញទៅធ្វើការងារតាមខេត្តបាត់ នៅតែស្ត្រីរងគ្រោះនិងកូនតូច២នាក់នៅចាំផ្ទះ ហើយមុនកើតហេតុ គេឃើញជនសង្ស័យស្ពាយកាបូបដើរចូលដល់ក្នុងផ្ទះ មិនដឹងថាមានរឿងអ្វី ប្រតាយប្រតប់គ្នា ចេញមកដល់ក្រៅសំយ៉ាបខាងមុខផ្ទះ ជនសង្ស័យទាញកាំបិតចុងស្រួចចាក់ជាច្រើនកាំបិតបណ្តាលឱ្យស្លាប់ក្នុងថ្លុកឈាម ផ្អើលប្រជាពលរដ្ឋ ស្រែករត់ទៅបម្រុងជួយ តែត្រូវបានជនសង្ស័យ អារកប៉ុនប៉ងសម្លាប់ខ្លួនឯង តែមិនស្លាប់ ភ្លាមៗបានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យជាក់ស្តែង ជនសង្ស័យនៅមានដង្ហើម ទើបសមត្ថកិច្ចហៅរថយន្តសង្គ្រោះ របស់មន្ទីរពេទ្យបង្អែកសែនសុខ ដឹកបញ្ជូនទៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព រួមដំណើរជាមួយកម្លាំងសមត្ថកិច្ចតាមទៅជាមួយផង។

ករណីឃាតកម្មខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ស្នងការក្រុងភ្នំពេញ ចុះទៅពិនិត្យកោសល្យវិច័យ ជាមុនសិន ទើបប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ។ រីឯជនសង្ស័យ សមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រូពេទ្យសង្គ្រោះជាមុនសិន និងអនុវត្តបន្តតាមនីតិវិធី ៕

អត្ថបទ៖តាតុងសែនជ័យ

Share.