តៃប៉ិ៖ និយតករអាកាសចរណ៍របស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ នេះថា ខ្លួនបានបើកផ្លូវហោះហើរថ្មីទៅកាន់ទីក្រុង Xiamen និងទីក្រុង Fuzhou របស់ចិន ជាផ្លូវដែលស្ថិតនៅជិតប្រជុំកោះ Kinmen និងកោះ Matsu ដែលគ្រប់គ្រងដោយតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី១៩ ខែមេសា​ ឆ្នាំ២០២៤។​

តៃវ៉ាន់បានសម្តែងការខឹងសម្បារកាលពីខែមករា កន្លងទៅ បន្ទាប់ពីប្រទេសចិន បានផ្លាស់ប្តូរផ្លូវហោះហើរ ហៅថា M503 នៅជិតខ្សែបន្ទាត់មធ្យមដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយ «ឯកតោភាគី» ខណៈផ្លូវថ្មីទៅកាន់ Xiamen និង Fuzhou នេះ តភ្ជាប់ទៅជាមួយផ្លូវហោះហើរ M503 ។

ខ្សែបន្ទាត់មធ្យមបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងតៃវ៉ាន់ និងចិនដែលទាមទារដោយចិន ប៉ុន្តែចិននិយាយថា ខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់វាទេ ហើយយន្តហោះចម្បាំងរបស់ចិនឥឡូវនេះតែងតែហោះហើរពីលើខ្សែបន្ទាត់នោះ ខណៈទីក្រុងប៉េកាំងព្យាយាមដាក់សម្ពាធលើទីក្រុងតៃប៉ិ ឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។​

ប្រទេសចិនបាននិយាយកាលពីខែមករាថា ខ្លួនកំពុងបើកផ្លូវហោះហើរពីភាគខាងលិចទៅភាគខាងកើត ហោះនៅលើផ្លូវហោះហើរពីរខ្សែពីទីក្រុង Xiamen និងទីក្រុង Fuzhou ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់បានប្រកាសថា ពួកគេនឹងដំណើរការនៅពេលណានោះទេ។

អាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីរបស់ខ្លួននាថ្ងៃសុក្រ ថា ផ្លូវទាំងនោះឥឡូវនេះកំពុងដំណើរការហើយដោយបន្ថែមថា វាចាប់ផ្ដើមកាលពីថ្ងៃទី១៦ ខែឧសភា នៅដែនអាកាសជុំវិញអាកាសយានដ្ឋាន Fuzhou ប៉ុន្ដែ​មិន​បាន​បញ្ជាក់​លម្អិត​អ្វីទេ។

ជុំវិញបញ្ហានេះ មិន​មាន​ប្រតិកម្ម​ភ្លាមៗ​ ពី​រដ្ឋាភិបាល​តៃវ៉ាន់ ​ដែល​ធ្លាប់​បាន​ចោទ​ចិន ​ពី​ការ​គំរាម​កំហែង​សុវត្ថិភាព​អាកាសចរណ៍នោះទេ៕

ប្រភព៖ CNA

Share.