កណ្តាល៖ កម្លាំសម្ថកិច្ចខេត្តកណ្តាលបានស្រាវជ្រាវឃាត់ខ្លួន ក្រុងជនសង្ស័យចំនួន១១នាក់បន្ទាប់ពីស្តីធ្វើកម្មភាព ធាក់វាយប្លន់យកម៉ូតូ និងទទួលផលចោរកម្ម រក្សាទុកនូវ សារធាតុញៀនខុសច្បាប់ ដែលប្រព្រឹត្តនៅ២ទីតាំង ផ្សេងគ្នា។

តាមកម្លាំងនគរបាលបានឱ្យដឹងថា ករណីទី១ កើតហេតុ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០១:៣០នាទី នៅតាមផ្លូវលេខ២១ មុខមណ្ឌលកុមារ អរុណរះ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និងករណីទី២កើតហេតុ នៅថ្ងៃទី១៦.ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០២:០០នាទី នៅ តាមផ្លូវលេខ២១ មុខបុរីពិភពថ្មី២ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទាំង១១ ត្រូវបានកម្លាំងសម្ត្ថកិច្ចឃាត់ខ្លួនបាន៦ គេចខ្លួន ៥នាក់ ដោយក្នុងនោះមាន២នាក់គឺជាអ្នកទទួលទិញផលចោរកម្ម។ ក្នុងប្រតិបត្តិការបង្រ្កាប កម្លាំងបានដកហូតម៉ូតូចំនួន៤គ្រឿង ២គ្រឿងជារបស់ជនសង្ស័យ និងពីគ្រឿងទៀត ជារបស់ជនរងគ្រោះ​ ដោយបានដោះស្លាកលេខម៉ូតូទាំងពីរគ្រឿងនោះប្តូរគ្នាទៅវិញទៅមក។ ទូរសព្ទចំនួន ០៤គ្រឿង , កាបូបស្តាយមួយ, ថ្នាំញៀនម្សៅក្រាម ពណ៌សថ្លា, ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយ។

តាមសមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង០១:៣០នាទីយប់  ជនរងគ្រោះទី១ បានជិះម៉ូតូចេញពីហូបអីជាមួយមិត្តភក្តិនៅម្តុំក្រោយវាំង ហើយជិះតាមផ្លូវលេខ២១ ដើម្បីត្រលប់ទៅផ្ទះវិញ លុះជិះដល់ស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងទី៣ មុខមជ្ឈមណ្ឌលកុមារអរុណរះ នៅភូមិទួលក្រសាំង ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នាប្រហែល០៨នាក់ ជិះម៉ូតូ០៤គ្រឿង បានជិះដេញតាមធាក់ម៉ូតូជនរងគ្រោះម៉ាក Honda Beat ស៊េរីឆ្នាំ២០២៤ បណ្តាលឱ្យដួលម៉ូតូ ហើយបាន ដណ្តើម យកម៉ូតូពីជនរងគ្រោះនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។

លុះមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២:០០នាទីយប់ក្រុមជនសង្ស័យដដែលបាននាំគ្នាជិះម៉ូតូចំនួន០៤គ្រឿង ដេញវាយជនរងគ្រោះទី២ នៅចំណុចតាមផ្លូវលេខ២១ មុខបុរីពិភពថ្មី២ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ខេត្តកណ្តាល បណ្តាលឱ្យជនរងគ្រោះដួលម៉ូតូហើយដណ្តើមម៉ូតូម៉ាក Honda Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៣ របស់ជនរងគ្រោះទី២ រួចនាំគ្នាជិះគេចខ្លួនបាត់អស់ទៅ។

ក្រោយទទួលបានព័ត៌មាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាព និងឆែកមើលGPS ទើបដឹងថាម៉ូតូរបស់ជនរងគ្រោះដែលជនសង្ស័យយកទៅ នៅម្ដុំផ្ទះជួល ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទើបកម្លាំងជំនាញចុះទៅ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្ទះជួលភូមិក្រោលគោ សង្កាត់ច្រាំងចំរះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ព្រមទាំងដកហូតម៉ូតូ០២គ្រឿង ១.ម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ 1KR-5277,និងមួយគ្រឿងទៀត ម៉ាក Honda Beat ពណ៌ក្រហម ពាក់ស្លាកលេខ 1KJ-9240 របស់ជនរងគ្រោះ។

ក្រោយឃាត់ខ្លួនជនសង្ស័យឆ្លើយថាពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពវាយប្លន់ យកម៉ូតូជនរងគ្រោះទាំង០២នាក់ខាងលើប្រាកដមែន ហើយម៉ូតូទាំងពីរគ្រឿង​នោះ គឺម៉ូតូមួយគ្រឿងម៉ាក Honda Beat បានលក់ឱ្យទៅឈ្មោះ អ៊ូ ពៅ ក្នុងតម្លៃ៥០០ដុល្លារ រីឯម៉ូតូ Honda Scoopy ពណ៌ស ស៊េរីឆ្នាំ២០២៣ បានលក់ឱ្យទៅឈ្មោះ ប៉េង គឹមសេង ក្នុងតម្លៃ៦០០ដុល្លារ ហើយក៏បានផ្លាស់ប្ដូរ ស្លាកលេខម៉ូតូទាំង២គ្រឿងតែម្តង។ បច្ចុប្បន្នក្រុមជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅជាបណ្តោះអាសន្នដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖កណ្តាល

Share.