សៀមរាប ៖ យុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែង បន្ទាប់ពីជិះម៉ូតូលឿនជ្រុលទៅបុករថយន្តបែនដឹកដី កំពុងបត់ឆ្លងផ្លូវជាប់អូសច្រើនម៉ែត្រ កាលពីវេលាម៉ោង៨និង១៥នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវក្រវ៉ាត់ក្រុងសៀមរាប ចំណុចភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ គូ កោះ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1AE-0554 ធ្វើដំណើរពីកើតទៅលិច ល្បឿនលឿន ដល់ចំណុចកើតហេតុ ជ្រុលបុកជាមួយរថយន្តបែនដឹកដី ពណ៌ខៀវ ម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ 3A-2999 ដែលបើកពីលិចទៅកើត បត់ឆ្វេងឆ្លងផ្លូវ ម៉ូតូជាប់រថយន្តអូសច្រើនម៉ែត្រ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង អ្នកបើកបររថយន្តចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី រីមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យចេាចរណ៍ជើងគោក ស្នងការខេត្តសៀមរាប កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.