ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមល្បឿនលឿន តាមផ្លូវកោង បត់មិនទាន់ហោះធ្លាក់ចូលវាលស្រែ បាក់កស្លាប់ភ្លាមៗនៅកន្លែង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង៣០ម៉ែត្រ ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សពជនរងគ្រោះ ភេទប្រុស អាយុជាង២០ឆ្នាំ ស្លៀកខោជើងខ្លី ពាក់អាវយឺតដៃខ្លី ជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1I-5808 ជាមធ្យោបាយ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូ ល្បឿនលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ ស្ថានភាពផ្លូវកោង បត់មិនទាន់ ជ្រុលហោះធ្លាក់ចូលវាលស្រែ បណ្តាលឱ្យបាក់កស្លាប់ភ្លាមៗនៅកន្លែង ។

ក្រោយកើតហេតុសមត្ថកិច្ចចុះទៅពិនិត្យដល់ទីតាំងកើតហេតុ ជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណ ទើបសម្រេចដឹកសាកសពទៅតំកល់ទុកនៅវត្តកប់ស្រូវ បន្តស្រាវជ្រាវស្វែងរកសាច់ញាតិ ក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ: តាតុងសែនជ័យ

Share.